សភាអឺរ៉ុប ចាត់ទុករុស្ស៊ីថា ជា “រដ្ឋគាំទ្រភេរវកម្ម”

ព្រុចសែល៖ សភាសហភាពអឺរ៉ុប ក្នុងថ្ងៃពុធទី២៣ ខែវិច្ឆិកានេះ បានប្រកាសចាត់ទុករុស្ស៊ីជា «រដ្ឋគាំទ្រភេរវកម្ម» ផ្អែកលើការវាយប្រហាររបស់រុស្ស៊ីលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទូទាំងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធថាមពល មន្ទីរពេទ្យ សាលារៀន និងទីជម្រក ដែលទាំងនេះជាទង្វើបំពានច្បាប់អន្តរជាតិ។

យោងតាមក្រុមការងារស្រាវជ្រាវរបស់សភាអឺរ៉ុប នៅក្នុងសហភាពអឺរ៉ុបមានសមាជិកចំនួន ៤ ប្រទេស គឺលីទុយអានី ឡេតូនី អេស្តូនី និងប៉ូឡូញ ដែលបច្ចុប្បន្នបានកំណត់ថា រុស្ស៊ីគឺជារដ្ឋគាំទ្រភេរវកម្ម។ ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសម្តែងការសាទរចំពោះការសម្រេចចិត្តរបស់សភាសហភាពអឺរ៉ុបខាងលើនេះ។

ភ្លាមៗនោះ រុស្ស៊ីបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ដោយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមតេលេក្រាមថា ខ្ញុំសូមស្នើឱ្យចាត់តាំងសភាអឺរ៉ុបជា “អ្នកគាំទ្រភេរវកម្ម”។

គួរបញ្ជាក់ថា សមាជិកសភាអឺរ៉ុបបានបោះឆ្នោតគាំទ្រដំណោះស្រាយ ដែលចាត់ទុកថា រុស្ស៊ីគឺជារដ្ឋគាំទ្រភេរវកម្ម ដែលនេះជាកាយវិការជានិមិត្តរូបដ៏សំខាន់ ក្នុងពេលប្លុកនេះ ក៏បានព្រមព្រៀងដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើរុស្ស៊ីផងដែរ ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner