លោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់អណ្តូងទឹកស្អាតចំនួន១០ដល់ពលរដ្ឋក្នុងស្រុកកោះញែក (Video Inside)

អណ្តូងទឹកស្អាតចំនួន១០ត្រូវបានប្រគល់ជូនអ្នកស្រុកក្នុងតំបន់ដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី តាមរយៈដំណើរទស្សនកិច្ចរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ ដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់ទឹកជូនប្រជាពលរដ្ឋ។

ដំណើរទស្សនកិច្ចរបស់ លោកជំទាវ ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត ដែលជាប្រធានមូលនីធិអណ្តូងទឹកស្អាត អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក កាលពីថ្ងៃទី២៣វិច្ឆិកាឆ្នាំ ២០២២នៅក្នុងស្រុកកោះញែក គឺជាដំណើរចាប់ផ្តើមទស្សនកិច្ចសាឡើងវិញទៅកាន់ពលរដ្ឋ ក្នុងតំបន់ដាច់ស្រយាលទាំងនោះបន្ទាប់ពីខកខានដោយសារបញ្ហាការរីករាលដាលនៃកូវីដ១៩ប្រមាណ២ឆ្នាំកន្លងមកនេះ។

អណ្ដូងទឹកស្អាតចំនួន១០អណ្តូង ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋរស់នៅឃុំចំនួនបីរួមមាន៖ ឃុំរយ៉ ឃុំស្រែសង្គម និងឃុំអបួន ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវប្រធានមូលនីធិ បានឱ្យដឹងថា អណ្តូងទឹកទាំងនេះរួមមាន អំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលជាឪពុកម្តាយបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានចំនួន៣, ចំណែក៧អណ្តូងទៀត គឺជាអំណោយរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ដែលជាឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ស្រុកកោះញែកនៃខេត្តមណ្ឌលគិរី គឺជាតំបន់ភ្នំនៃទីដាច់ស្រយាលមួយដែលធ្លាប់មាន ចំណោទការខ្វះទឹកជារឿយៗ។ អំណោយអណ្តូងទាំងនេះ បានធ្វើឡើងក្នុងពេលដែលរដូវ ដែលមិនសូវមានធ្លាក់ភ្លៀវ បានចូលមកដល់។ ប្រជាពលរដ្ឋបានសម្តែងក្តីត្រេកអរ និងការដឹងគុណជាខ្លាំង។

ads banner