ប្រធានសភាអាស៊ែ័របៃហ្សង់អរគុណកម្ពុជាដែលជួយសភារបស់ខ្លួនជាអ្នកសង្កេតការណ៍ (Video Inside)

ប្រធានសភានៃប្រទេសអាស៊ែ័របៃហ្សង់លោកជំទាវសាហ៊ីបា អាលី ហ្គីហ្ស៊ី ហ្គាហ្វារ៉ូវ៉ា បានថ្លែងអំណរគុណដល់កម្ពុជាដែលបានជួយឱ្យប្រទេសអាស៊ែ័របៃហ្សង់ បានក្លាយជាប្រទេស សង្កេតការណ៍របស់អាយប៉ា។

គូរបញ្ជាក់ថាកាលពីថ្ងៃទី២៣វិច្ឆិកា មហាសន្និបាតអាយប៉ា ដែលកម្ពុជាបានធ្វើជាប្រធាននិងជាម្ចាស់ផ្ទះបានប្រគល់ទង់កិត្តិយសជាសភាសង្កេតការណ៍ របស់អាយប៉ា ជូនដល់ប្រទេសចំនួន៣ក្នុងនោះរួមមានសភាអាស៊ែ័របៃហ្សង់ផងដែរ។ សភានៃ ប្រទេស២ទៀតដែលបានទទួលទង់កិត្តិយសផងដែរនោះ គឺសភានេប៉ាល់, និងសភាសហរដ្ឋអាមេរិក ដែលប្រទេសទាំង៣នឹងក្លាយជាសភាសង្កេតការណ៍របស់អាយប៉ា ចាប់តាំងពី មហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ នេះតទៅ។

ក្នុងឱកាសជួបសំណេះសំណាល និងសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព លោកជំទាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋ អាស៊ែ័របៃហ្សង់ បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ, ជូនចំពោះសម្ដេចប្រធានព្រឹទ្ធសភា និងជួនសម្ដេចប្រធានរដ្ឋសភា ដែលបានគាំទ្រអាស៊ែ័របៃហ្សង់ ឲ្យបានក្លាយជាអ្នកសង្កេតការណ៍របស់អាយប៉ា។

លោកជំទាវប្រធានរដ្ឋសភា បានថ្លែងថាក្នុងរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ និងបានសង្កេតឃើញសក្ដានុពលកិច្ចសហប្រតិបត្តិ ការរវាងស្ថាប័ននីតិបញ្ញត្តិ ជាពិសេសរវាងយុវជន។

លោកជំទាវ បានជំរាបនូវបំណងចង់ជំរុញទំនាក់ទំនងរវាងនីតិប្រតិបត្តិ និងការជំរុញការអនុវត្ត អនុស្សរណៈ ដែលបានចុះហត្ថលេខារួចហើយ និងស្វែងរកសក្ដានុពលបន្ថែមទៀត ជាមួយការជំរុញការតភ្ជាប់ទំនាក់ទំនងរវាងអាយប៉ា និងបណ្ដាញសភានៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ឆ្លើយតប បានយល់ស្របជាមួយនឹងការវាយតម្លៃ របស់លោកជំទាវ និងបានសំដែងនូវការគាំទ្រចំពោះការលើកឡើងរបស់លោកជំទាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែ័របៃហ្សង់៕

ads banner