មេដឹកនាំបេឡារូសព្រមានថា អ៊ុយក្រែននឹងខ្ទេចទាំងស្រុង ប្រសិនបើខ្លួនមិនចរចាជាមួយរុស្ស៊ី
មីនស្កិ៍៖ ប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌើ លូកាសិនកូ ចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនថា បានបដិសេធការចរចាសន្តិភាពជាមួយរុស្ស៊ី ហើយព្រមានថា បើគ្មានការសន្ទនាទេ អ៊ុយក្រែននឹងប្រឈមមុខនូវការបំផ្លិចបំផ្លាញទាំងស្រុង ពីជម្លោះដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។
បើតាមប្រព័ន្ធផ្សព្វផ្សាយ លោក លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយយ៉ាងដូច្នេះថា អ្វីគ្រប់យ៉ាង គឺស្ថិតនៅក្នុងដៃរបស់អ៊ុយក្រែន ហើយលោកក៏បានទទួលស្គាល់ដែរថា សម្រាប់អ៊ុយក្រែន វាអាចជាការលំបាក និងការឈឺចាប់ ប៉ុន្តែពួកគេត្រូវតែធ្វើវា ប្រសិនបើពួកគេចង់ស្តារប្រទេសឡើងវិញ។ ទន្ទឹមគ្នា ប្រធានាធិបតីបេឡារូសរូបនេះ ក៏បានព្រមានផងដែរថា ប្រសិនបើអ៊ុយក្រែនមិនធ្វើដូច្នេះទេ ប្រទេសខ្លួននឹងឈានដល់ការបំផ្លិចបំផ្លាញទាំងស្រុង។
លោកថា ការចរចាសន្តិភាព គឺជារឿងជៀសមិនរួច ទោះបីជាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថា គាត់នឹងមិនអង្គុយចុះដើម្បីចរចាទេ ដរាបណាលោក ពូទីន បន្តទាញខ្សែ ហើយរុស្ស៊ីមិនបានដកទ័ពចេញពីទឹកដីអ៊ុយក្រែន។ ជាមួយគ្នានេះ លោក លូកាសិនកូ ជឿជាក់ថា ទីបំផុតអឺរ៉ុបបានបើកភ្នែកហើយ ហើយអាចដាក់សម្ពាធលើអ៊ុយក្រែនឱ្យទទួលយកការសន្ទនា ដោយសារតែសង្គ្រាម គឺ “នៅមាត់ទ្វាររបស់ពួកគេ”៕ ប្រភព៖ News 360 ដោយ៖ ទីណា និងបុត្រា