កូរ៉េខាងត្បូង កោតសរសើរ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានដឹកនាំ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី៩ ប្ររកបដោយជោគជ័យ

ខេត្តសៀមរាប ៖ ឯកឧត្តម លី ជុងស៊ុប រដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ បានកោតសរសើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា ដែលបានដឹកនាំ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី៩ ប្ររកបដោយជោគជ័យ ។

ឯកឧត្តម លី ជុងស៊ុប បានកោតសរសើរ បែបនេះ ខណៈអញ្ជើញចូលជួបពិភាក្សាការងារទ្វេភាគី ជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ នៅសណ្ឋាគារសុខា ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

មានមតិឆ្លើយតប សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា និង សាធារណរដ្ឋកូរ៉េ បានរីកចម្រើនបន្ថែមទៀត ក្រោយពីជម្ងឺរាតត្បាតកូវីដ-១៩ បានធូស្រាល ។ កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនៅតែបង្កើនទំនាក់ទំនងបានយ៉ាងល្អប្រសើរ ជាមួយនិងការយោគយល់គ្នាទៅវិញទៅមក ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ថ្វីត្បិតតែក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង សាធារណដ្ឋកូរ៉េ មិនបានទៅបំពេញទស្សនកិច្ចដោយផ្ទាល់យ៉ាងណាក៏ដោយ ក៏យើងនៅតែបន្តទំនាក់ទំនង និងជួបសន្ទនាគ្នា តាមបញ្តាញសង្គមផ្សេងៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត ។ សម្ដេចពិជ័យសេនា បានថ្លៃងអំណរគុណដល់ក្រសួងការពារជាតិកូរ៉េ ដែលបានផ្ដល់អាហារូបករណ៍ ជួយបណ្ដុះបណ្ដាល កងយោធពលខេមរភូមិន្ទ (ខ ភ ម) ជាបន្តបន្ទាប់ មានរយៈពេលវែង និងរយៈពេលខ្លី ដែលមកដល់ពេលនេះ មាននាយទាហាន ខេមរភូមិន្ទ ចំនួន ៥៧នាក់ បានទៅសិក្សានៅប្រទេសកូរ៉េ ។ តាមរយៈជំនួបនោះសម្ដេចពិជ័យសេនាបានស្នើសុំដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ ឲ្យជួយជំរុញបង្កើនចំនួនអាហារូបករណ៍ ដល់កម្ពុជាបន្ថែមទៀត នាឆ្នាំបន្តបន្ទាប់ ។ ដោយឡែកនៅឆ្នាំ២០២៣ ខាងមុខ ភាគីកម្ពុជា នឹងអញ្ជើញនាយទាហានសាធារណរដ្ឋកូរ៉េចំនួន ២រូប មកសិក្សាភាសាខ្មែរនៅកម្ពុជាផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិកូរ៉េ បានកោតសរសើរ សម្ដេចពិជ័យសេនា ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានដឹកនាំកន្លងមកទទួលបានលទ្ធផលជាផ្លែផ្កា ហើយឯកឧត្តមសង្ឃឹមថាកម្ពុជានឹងបន្តតួនាទីសំខាន់ៗ បន្ថែមទៀតក្នុងការអភិវឌ្ឍសហគមន៍អាស៊ាន។

ដើម្បីជំរុញឲ្យកិច្ចសហការនេះកាន់តែឈានទៅមុខបន្ថែមទៀត ឯកឧត្តម បានស្នើដល់កម្ពុជា ឲ្យជួយសម្របសម្រួលធ្វើយ៉ាងណា អាចមានកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋកូរ៉េ ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅពេលខាងមុខផងដែរ ។

នៅក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម លី ជុងស៊ុប រដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាអនុសារណៈយោគយល់ស្តីពីប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ និង ផ្ទេរប្រគល់សម្ភារៈគ្រឿងចក្រក្រោមគម្រោងត្រីភាគីអង្គការសហប្រជាជាតិទៀតផង ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner