អាល្លឺម៉ង់ប្រាប់ទៅប៉ូឡូញថា ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត ទុកសម្រាប់ដាក់ពង្រាយលើទឹកដីណាតូប៉ុណ្ណោះ
ប៊ែរឡាំង៖ ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកានេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត ដែលប៉ូឡូញស្នើទៅឱ្យអ៊ុយក្រែនវិញនោះ គឺទុកសម្រាប់ដាក់ពង្រាយនៅលើទឹកដីអង្គការណាតូប៉ុណ្ណោះ។
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាមប្រេច បានថ្លែងក្នុងទីក្រុងប៊ែរឡាំងថា ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត ទាំងនេះ គឺជាផ្នែកមួយនៃការការពារដែនអាកាសរួមគ្នារបស់អង្គការណាតូ ពោលគឺពួកវាទុកសម្រាប់ដាក់ពង្រាយនៅលើទឹកដីអង្គការណាតូប៉ុណ្ណោះ។ លោកស្រីបន្ថែមថា រាល់ការប្រើប្រាស់នៅក្រៅទឹកដីណាតូ នឹងតម្រូវឱ្យមានការពិភាក្សាគ្នាជាមុន ជាមួយអង្គការណាតូ និងសម្ព័ន្ធមិត្ត។
ការអត្ថាធិប្បាយរបស់ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីអ៊ូស ប្លាសហ្សាក់ ក្នុងថ្ងៃពុធសប្តាហ៍នេះ បានស្នើឱ្យអាល្លឺម៉ង់បញ្ជូនប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត ដែលទីក្រុងបែរឡាំងចង់ផ្តល់ឱ្យទីក្រុងវ៉ាសូវីនោះ ទៅកាន់អ៊ុយក្រែនវិញចុះ ទើបប្រសើរជាង៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា