ជនចំណាកស្រុកខុសច្បាប់ជាង ២០០នាក់ ត្រូវបាននិរទេសចេញពីប្រទេសលីប៊ី ទៅកាន់ប្រទេសកំណើត

ទ្រីប៉ូលី៖ នាយកដ្ឋានប្រឆាំងអន្តោប្រវេសន៍ ខុសច្បាប់របស់ប្រទេសលីប៊ី កាលពីថ្ងៃព្រហស្បតិ៍ បាននិរទេសជនចំណាកស្រុកខុសច្បាប់ជាង ២០០នាក់ ទៅកាន់ប្រទេសដើមរបស់ពួកគេ។

យោងតាមលោក Nasser al-Khatroushi ប្រធានការិយាល័យនិរទេសនៃនាយកដ្ឋានប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់បានឲ្យដឹងថា ជនចំណាកស្រុកដែលមកពីប្រទេសអេហ្ស៊ីប នីហ្សេរីយ៉ា និងស៊ូដង់ ត្រូវបាននិរទេសដោយដីទៅកាន់ប្រទេសរបស់ពួកគេ។

មន្ត្រីលីប៊ីបានប្រាប់ ស៊ីនហួរ ថា ការនិរទេសត្រូវបានធ្វើឡើងជាលើកដំបូង ដោយសហការជាមួយនាយកដ្ឋានប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់នៃភាគខាងកើត និងខាងត្បូងនៃប្រទេសលីប៊ី។

លោក Mohamed al-Khoja ប្រធាននាយកដ្ឋានប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់បាននិយាយថា “ថ្ងៃនេះយើងសប្បាយរីករាយណាស់ដែលបានឃើញមន្ត្រីមកពីភាគខាងលិច ខាងកើត និងខាងត្បូងលីប៊ីបានប្រមូលផ្តុំគ្នានៅទីនេះក្នុងទីក្រុងទ្រីប៉ូលី ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ដែលជាបញ្ហាស្មុគស្មាញ” ។

ប្រទេសលីប៊ីបានក្លាយទៅជាចំណុចគោលដៅ សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដើម្បីទៅដល់ច្រាំងអឺរ៉ុប។ យោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) ជនចំណាកស្រុកខុសច្បាប់សរុបចំនួន ២០៨៤២ នាក់ រួមទាំងស្ត្រី និងកុមារត្រូវបានជួយសង្គ្រោះនៅឯសមុទ្រ ហើយបានត្រឡប់ទៅប្រទេសលីប៊ីវិញមកទល់ពេលនេះ នៅឆ្នាំនេះ។

IOM បាននិយាយថា ក្នុងពេលជាមួយគ្នានេះ ជនចំណាកស្រុកខុសច្បាប់ ៥០០ នាក់បានស្លាប់ និង៨៦៣ នាក់ផ្សេងទៀត ត្រូវបានបាត់ខ្លួនពីឆ្នេរសមុទ្រលីប៊ី នៅលើផ្លូវមេឌីទែរ៉ាណេកណ្តាល៕ ប្រភពពី ស៊ីនហួរ, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner