រដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ទំាងទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមក ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា។

សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន បានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូន ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន និងគណៈប្រតិភូ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា បន្ទាប់មកប្រធានរដ្ឋសភាទាំងពីរបានជួបពិភាក្សាការងារទ្វេរភាគីក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរដ្ឋសភា រដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង។

ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៅក្នុងការរៀបចំកិច្ចកំពូលអាស៊ានលើកទី៤០និង៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ ដែលធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែរន្ទឺឡើងនៅលើឆាកអន្តរជាតិ។

ឯកឧត្តមប្រធានរដ្ឋសភាថែមទាំងបានបញ្ជាក់ថា ជោគជ័យរបស់កម្ពុជានាពេលនេះ ជាមេរៀននិងបទពិសោធន៍សំខាន់មួយ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ាលើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងប្រជាជនប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំនិងសកម្មឡើងទៀតនៅលើគ្រប់វិស័យ។

បន្ទាប់មកសម្តេចប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តមប្រធានរដ្ឋសភាឡាវ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋសភាប្រទេសទំាងពីរ និងបានអញ្ជើញជាអធិបតីភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែទូលំទូលាយឡើង នៅគ្រប់កម្រិត ទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី នៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍ប្រទេសទំាងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង៕ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner