រដ្ឋសភាកម្ពុជា-ឡាវ ជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទំាងទ្វេភាគីនិងនៅលើវេទិកាសភាអន្តរជាតិ
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា-ឡាវ ជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទំាងទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ ជាពិសេសជំរុញលើកកម្ពស់ទំនាក់ទំនងរដ្ឋសភា រដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។
ការជំរុញនៃរដ្ឋសភារបស់ប្រទេសទាំងពីរ នេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ និងបន្ទាប់ពីអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមក។
ឯកឧត្តម សាយ សំភូន ភូមវិហាន បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៅក្នុងការរៀបចំកិច្ចកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទំាងកិច្ចប្រជុំពាក់ព័ន្ធ និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ ដែលធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែរន្ទឺឡើងនៅលើឆាកអន្តរជាតិ។ ឯកឧត្តមប្រធានរដ្ឋសភាថែមទំាំងបានបញ្ជាក់ថា ជោគជ័យរបស់កម្ពុជានាពេលនេះ ជាមេរៀននិងបទពិសោធសំខាន់មួយ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ាលើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា ប្រធានរដ្ឋសភាប្រទេសទំាងពីរបានគំាទ្រចំពោះ វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ដោយបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងបានសន្យាថានឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងប្រជាជនប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំនិងសកម្មឡើងទៀតនៅលើគ្រប់វិស័យ។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ ឯកឧត្តម សាយ សំភូន ភូមវិហាន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលរវាងប្រធានរដ្ឋសភាឡាវ តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលរដ្ឋសភាឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខដែរ។សម្តេចចក្រី ហេង សំរិន បានទទួលយកការគោរពអញ្ជើញ របស់លោកប្រធានរដ្ឋសភានេះ។
សម្តេចមានសេចក្តីសោមនស្សរីករាយជាខ្លំាងដែលឯកឧត្តមប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់បានមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចចក្រីចាត់ទុកការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំទ្វេដងថែមទៀត។
នៅក្នុងជំនួបទ្វេភាគីនេះប្រធានរដ្ឋសភានៃប្រទេសទំាងពីរបានផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកលើស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ពិសេសអំពីរដ្ឋសភាទំាងពីរ។ បន្ទាប់មក សម្តេចចក្រីប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តមប្រធានរដ្ឋសភាឡាវ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋសភាប្រទេសទំាងពីរ និងបានអញ្ជើញជាអធិបតីភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែទូលំទូលាយឡើង នៅគ្រប់កម្រិត ទំាងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី នៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍ប្រទេសទំាងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង៕
ដោយ៖ យុទ្ធ វីរៈ