សម្តេចក្រឡាហោម បញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ និងពិគ្រោះយោបល់ប្រមូលធាតុចូលដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ និងពិគ្រោះយោបល់ប្រមូលធាតុចូលដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ កិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នាព្រឹកថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។
សម្តេចក្រឡាហោម បានរំលឹកផងដែរថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ធ្លាប់ត្រូវបានធ្វើវិសោធនកម្មម្តងរួចមកហើយ ដែលបានកែសម្រួលខ្លឹមសារមួយចំនួន ប៉ុន្តែការយកទៅអនុវត្តជាក់ស្តែង គឺនៅតែមានបញ្ហាប្រឈមនៅឡើយ និងដោយសារបច្ចុប្បន្នប្រទេសកម្ពុជាបាននិងកំពុងកសាងហេដ្ឋារចនាសម័្ពន្ធផ្លូវល្បឿនលឿន ផ្លូវហាយវេ ដែលកំពុងដាក់ឱ្យប្រើប្រាស់ និងកំពុងស្ថាបនា ដូច្នេះគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ត្រូវធ្វើវិសោធនកម្មច្បាប់នេះម្តងទៀតដើម្បីឱ្យសមស្របតាមការអនុវត្តជាក់ស្តែង ប៉ុន្តែតាមការពិនិត្យពិភាក្សាគឺត្រូវធ្វើវិសោធនកម្មចំនួន ៤៧មាត្រា លើ៩០មាត្រា ដោយគិតឃើញថាមាត្រាដែលត្រូវធ្វើវិសោធនកម្មស្ទើរតែទាំងស្រុងនៃមាត្រាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទើបគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក សម្រេចរៀបចំតាក់តែងធ្វើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីតែម្តង។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក បានធ្វើសេចក្តីរាយការណ៍ ថា ក្នុងនាមអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក បានដឹកនាំ និងជំរុញដល់ក្រុមការងារដើម្បីសិក្សាស្រាវជ្រាវរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីយ៉ាងយកចិត្តទុកដាក់ ដែលក្នុងនោះបានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាបានចំនួន២២លើក និងបានកំពុងរៀបចំតាក់តែងនូវអនុក្រឹត្យ សេចក្តីណែនាំ ក៏ដូចជាសេចក្តីប្រកាសអន្តរក្រសួង ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា សម្រាប់អនុលោមឱ្យប្រើប្រាស់ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នៅពេលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។
ទន្ទឹមនេះដែរ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានធ្វើសេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពនៃដំណើរការសិក្សារៀបចំតាក់តែងសេចក្តីព្រាងច្បាប់ជូនអង្គប្រជុំថា មូលហេតុដែលទាមទារឱ្យមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះឡើង គឺយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលបន្តកើនឡើងនាពេលបច្ចុប្បន្ននេះ បណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករងរបួលមានចំនួនច្រើន ដែលបង្កឡើងដោយសារកត្តាចម្បងៗដូចជា៖ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាពនៅកន្លែងផ្លូវប្រសព្វ ការបើកបរមិនប្រកាន់ស្តាំ ការជែង ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ជាដើម ៕ ដោយ-រ៉ាវុធ