លោក ពូទីន ព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរ ជុំវិញការកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីនៅលើទីផ្សារ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកានេះ ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ ហ្ស៊ី អាល់ ស៊ូដានី បាននិយាយថា ការកំណត់តម្លៃប្រេងរបស់រុស្ស៊ី នឹងមានផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ទីផ្សារថាមពលពិភពលោក។
លោក ពូទីន បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Interfax ថា សកម្មភាពបែបនេះ គឺផ្ទុយទៅនឹងគោលការណ៍នៃទំនាក់ទំនងទីផ្សារ ហើយទំនងជាវាអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរសម្រាប់ទីផ្សារថាមពលពិភពលោក។
ក្រៅពីវិបត្តិថាមពល លោក ពូទីន និងលោក អាល់ ស៊ូដានី បានសង្កត់ធ្ងន់លើលក្ខណៈមិត្តភាពជាប្រពៃណី និងលក្ខណៈស្ថាបនា នៃទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ាក់ ខណៈពេលដែលបង្ហាញពីការត្រៀមខ្លួនទៅវិញទៅមក សម្រាប់ការអភិវឌ្ឍន៍ជឿនលឿនក្នុងវិស័យផ្សេងៗ ក្នុងផលប្រយោជន៍នៃការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
បើតាមវិមានក្រឹមឡាំង ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរទស្សនៈគ្នា ទាក់ទងនឹងការកើនឡើងនៃភាពតានតឹងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ លោក ពូទីន បាននិយាយដោយការពេញចិត្ត ក្នុងការជួយដោះស្រាយបញ្ហាដែលកំពុងកើតមាន តាមរយៈមធ្យោបាយនយោបាយ និងការទូត៕ ប្រភព៖ News 360 ដោយ៖ ទីណា និងបុត្រា