នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូរៀបចំមាតុភូមិ និវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធពីវៀតណាម

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញៈ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ប្រធានក្រុមការងារបច្ចេកទេសនៅព្រឹកថ្ងៃ ទី២៥ខែវិច្ឆិកាឆ្នាំ២០២២នេះបានដឹកនាំក្រុមការងាតដើម្បីចូលរួមកម្មវិធីមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ពីសាធារណរដ្ឋសង្គមនិយម វៀតណាម មកកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម អិច១៦(X១៦) ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ក្នុងនាមប្រតិភូ ក្រុមការងារបច្ចេកទេសនៃគណៈកម្មការអន្តរក្រសួង ដើម្បី រៀបចំ មាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយម វៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការយកចិត្តទុកដាក់ ការរៀបចំបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ កក់ក្តៅពីភាគីមិត្តវៀតណាម។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណចំពោះ បក្ស រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងកងទ័ពប្រជាជន វៀតណាម ដែលបានយកចិត្តទុកដាក់ផ្តល់ដីបញ្ចុះសព និងសាងសង់បូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ព្រមទាំងថែទាំ ដ៏ល្អ ក្នុងពេលដែលកម្ពុជាពុំទាន់មានលទ្ធភាពធ្វើមាតុភូមិ និវត្តន៍បងប្អូនទាំងនោះ។ ពេលនេះជាពេលវេលាសមស្រប ដែលកម្ពុជាមានសន្តិភាពពេញលេញ ហើយបាននិងកំពុង យកចិត្តទុកដាក់ការងារស្រាវជ្រាវប្រវត្តិសាស្ត្រយោធា ក្នុងនោះ ការងារកសាងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ បាននិងកំពុងដំណើរការរហូតដល់បច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ បានបន្ថែមថា ការធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុនេះ គឺបានឆ្លុះបញ្ចាំងពីការជួយឧបត្ថម្ភរបស់ មិត្តវៀតណាម ក្នុងការជួយកសាងកម្លាំងប្រដាប់អាវុធសាមគ្គី សង្រ្គោះជាតិកម្ពុជា ដើម្បីឆ្ពោះទៅការផ្តូលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត និងបង្ហាញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធជនពលីកម្ពុជា ជាភស្តុតាង គូសបញ្ជាក់ ពីមិត្តភាពរវាងកម្ពុជា វៀតណាមតែងជួយគ្នា ទៅវិញ ទៅមក ពិសេសការជួយសង្រ្គោះអាយុជីវិតប្រជាជន និងមាតុភូមិកម្ពុជា ពីរបបប្រល័យពូជសាសន៍។ ម៉្យាងទៀតដើម្បីឱ្យប្រជាជនកម្ពុជា ពិសេសយុវជនយល់ដឹង បានត្រឹមត្រូវអំពីមិត្តភាពដែលជាសច្ចៈធម៌ប្រវត្តិសាស្ត្រ នៃទំនាក់ទំនងកម្ពុជាជាមួយនឹងវៀតណាម ទប់ស្កាត់នូវ ឧបាយកល បំផ្លើស ញុះញង់ពីមជ្ឈដ្ឋានអគតិ ប្រតិកិរិយាដែល តែងតែឃោសនាបំបែកបំបាក់មិត្តភាពកម្ពុជា វៀតណាម។

សូមជម្រាបថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ក៏បានផ្ញើលិខិតស្នើសុំកិច្ចសហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បី ចាត់ចែងរៀបចំធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាទាំង៤៩សព ពី បូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដែលស្ថិតនៅភូមិសូសរាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ត្រឡប់ទៅព្រះរាជាណាចក្រកម្ពុជាវិញ។

ក្រុមការងារបច្ចេកទេសនៃគណៈកម្មការអន្តរក្រសួង ដើម្បី រៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គោះជាតិកម្ពុជា បានបែងចែកការងារដូចខាង ក្រោម៖
១៖ អំពីក្រុមការងារ បានបែងចែកជា៧ផ្នែក ទទួលខុសត្រូវជំនាញនីមួយគឺ៖ ផ្នែកទំនាក់ទំនង, ផ្នែកពិធីការប្រពៃណី សាសនា, ផ្នែកពិធីការរដ្ឋនិងកងទ័ព, ផ្នែកវិស្វកម្ម, ផ្នែកព័ត៌មាន ផ្សព្វផ្សាយ និងឯកសារ, ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់, និងផ្នែកធានា ផ្គត់ផ្គង់ ភស្តុភារ និងហិរញ្ញវត្ថុ។
២៖ អំពីកាលបរិច្ឆេទ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងប្រារព្ធពិធីបើកផ្នូររៀបចំសម្អាតវេចខ្ចប់ លុះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នឹងរៀបចំពិធីដង្ហែ និងពិធីផ្ទេរប្រគល់ នៅតំបន់ ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦។
៣៖ អំពីការងារបច្ចេកទេស៖ រៀបចំតាមទំនៀមទម្លាប់ប្រពៃណី សាសន៍កម្ពុជា និងរៀបចំតាមពិធីការរដ្ឋនិងកងទ័ព។
៤៖ អំពីសមាសភាពក្នុងពិធីបើកផ្នូរ និងពិធីផ្ទេរ ប្រគល់៖ គណៈអធិបតី, ភ្ញៀវកិត្តិយស, កងកម្លាំងប្រដាប់អាវុធ, មហាជន។
៥៖ អំពីក្បួនដង្ហែ៖ ការរៀបចំក្បួន និងចំនួនរថយន្តសម្រាប់ ប្រើប្រាស់ក្នុងពិធីដង្ហែនេះ នឹងជូនដំណឹងតាមផ្លូវការ។
៦៖ សំណូមពរសូមភាគីមិត្តវៀមណាមជួយ៖ កម្លាំងជីកបើកផ្នូរ និងលុបសម្អាត, ស្នើសុំសាងសង់ផ្ទាំងសិលាចារិក អនុស្សាវរីយ៍យុទ្ធជនពលីកម្ពុជា៤៩រូប, សម្ភារ ឧបករណ៍ សម្រាប់ជីកបើកផ្នូរ, រៀបចំវេទិកាប្រារព្ធពិធី ចំណែកឯការ តុបតែង សុំឱ្យភាគីកម្ពុជាចូលរួមសហការស្របតាមប្រពៃណី ទំនៀមទម្លាប់ សាសនា និងពិធីកងទ័ពកម្ពុជា, សុំយករថយន្ត សម្រាប់ដឹកជញ្ជូន និងកម្លាំងអនុវត្តផ្ទាល់ចំនួន ១៥នាក់ ចូលក្នុង ប្រទេសវៀតណាម, សុំរថយន្តនាំក្បួន និងការពារ សន្តិសុខក្នុងអធិបតេយ្យវៀតណាម, អញ្ជើញគណៈអធិបតី ភ្ញៀវកិត្តិយស មហាជន ចូលរួមក្នុងពិធីបើកផ្នូរ ការដង្ហែ និងការផ្ទេរ ប្រគល់, ចន្លោះពីការប្រជុំនាថ្ងៃនេះ រហូតដល់ ថ្ងៃប្រារព្ធពិធី សុំរក្សាការទំនាក់ទំនងជូនដំណឹង និងសុំកិច្ច សហការនៅពេលអនុវត្តជាក់ស្តែង៕ ដោយ៖ ពលជ័យ

ads banner