តួលេខបង្ហាញថាមនុស្សជាងពីរម៉ឺននាក់បានស្លាប់អំឡុងពេលរលកកម្ដៅនារដូវក្តៅនៅតំបន់អឺរ៉ុបខាងលិច

អឺរ៉ុប៖ តួលេខបង្ហាញថាមនុស្សជាងពីរម៉ឺននាក់បានស្លាប់នៅទូទាំងតំបន់ទ្វីបអឺរ៉ុបខាងលិច ដោយសាររលកកម្ដៅក្នុងរដូវក្តៅនេះ។ តួលេខនេះនឹងមិនអាចកើតមានឡើយ ប្រសិនបើគ្មានការបំផ្លិចបំផ្លាញអាកាសធាតុរបស់មនុស្សលោក។ អ្នកវិទ្យាសាស្ត្របានលើកឡើងថា ចំនួនអ្នកស្លាប់នេះគឺច្រើនខ្លាំងបើធៀបទៅនឹងនិន្នាការប្រវត្តិសាស្ត្រកន្លងមក ដូច្នេះវាបានបញ្ជាក់ឱ្យយើងឃើញថា ការគំរាមកំហែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុដោយការកើនឡើងកម្ដៅជាបញ្ហាប្រឈមខ្លាំងសម្រាប់សកលលោកទាំងមូល។

អំឡុងពេលរដូវក្តៅ រលកកម្ដៅនៅទីក្រុងឡុងដ៍មានសីតុណ្ហភាពរហូតដល់លើសពី ៤០ អង្សាសេ។ រីឯតំបន់នៅភាគនិរតីនៃប្រទេសបារាំងបានឡើងដល់ ៤២ អង្សាសេ ហើយទីក្រុង Seville និងទីក្រុង Cordoba ប្រទេសអេស្ប៉ាញ បានបង្កើតកំណត់ត្រាថ្មីគឺកម្ដៅកើនឡើងរហូតដល់ទៅ ៤៤ អង្សាសេ។ ការវិភាគរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពី World Weather Attribution បានរកឃើញថា សីតុណ្ហភាពខ្ពស់បែបនេះនឹងមិនអាចកើតមានទៅរួចនោះទេ ប្រសិនបើគ្មានវិបត្តិអាកាសធាតុ។

ការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) បានឱ្យដឹងថា នៅប្រទេសអង់គ្លេស និងវែល (Wales) ចំនួនអ្នកស្លាប់លើសពីធម្មតារហូតដល់ទៅ ៣ ២៧១ នាក់។ នេះបើយោងតាមការកត់ត្រាទុកនៅចន្លោះថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៧ ខែកញ្ញា។ តួលេខនេះគឺខ្ពស់ជាងចំនួនជាមធ្យមរយៈពេល ៥ ឆ្នាំកន្លងមក។ យ៉ាងណាក៏ដោយ ការវិភាគមិនបានបង្ហាញថាការស្លាប់មានការទាក់ទងនឹងកម្ដៅកើនឡើងនោះទេ ប៉ុន្តែចំនួននៃការស្លាប់គឺខ្ពស់ជាងធម្មតាក្នុងថ្ងៃដែលមានកម្ដៅឡើងខ្លាំង។ គួរបញ្ជាក់ផងដែរថា ការស្លាប់ដោយសារជំងឺកូវីដ១៩ មិនត្រូវបានរាប់បញ្ចូលនោះទេ។

នៅប្រទេសបារាំងឯណោះវិញ ក្នុងអំឡុងពេលរដូវក្តៅនេះ ចំនួនមនុស្សស្លាប់លើសពីធម្មតារហូតដល់ទៅ ១០ ៤២០នាក់។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយទីភ្នាក់ងារសុខភាពរដ្ឋាភិបាលឈ្មោះថា Santé Publique France។ តំបន់មួយក្នុងចំណោមតំបន់បួនខាងលើ មានមនុស្ស ២ ៨១៦ នាក់បានស្លាប់ក្នុងអំឡុងពេលរលកកម្ដៅខ្លាំងមួយក្នុងចំណោមរលកកម្ដៅខ្លាំងទាំងបីផ្សេងទៀត។ តួលេខនៃការស្លាប់នេះគឺខ្ពស់ជាងធម្មតារហូតដល់ទៅ ២០% នៅក្នុងតំបន់ដែលមានសីតុណ្ហភាពឡើងខ្ពស់ដល់បន្ទាត់ក្រហម។

នៅប្រទេសអេស្ប៉ាញ វិទ្យាស្ថានសុខភាពរដ្ឋអេស៉្បាញឈ្មោះថា Carlos III Health Institute បានធ្វើការប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ដោយសារកម្ដៅកើនឡើងខ្លាំងមានរហូតដល់ទៅ ៤ ៦៥៥ នាក់នៅចន្លោះខែមិថុនា ដល់ខែសីហា។ ទីភ្នាក់ងារសុខភាពរបស់រដ្ឋាភិបាលអាល្លឺម៉ង់ឈ្មោះថាវិទ្យាស្ថាន Robert Koch ក៏បានប៉ាន់ប្រមាណថា មនុស្ស ៤ ៥០០នាក់បានស្លាប់ក្នុងអំឡុងពេលរដូវក្តៅ ជាពិសេសអំឡុងពេលសីតុណ្ហភាពឡើងក្ដៅជ្រុល។

លោកបណ្ឌិត Friederike Otto សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រអាកាសធាតុនៅវិទ្យាស្ថាន Grantham សម្រាប់ការប្រែប្រួលអាកាសធាតុនិងបរិស្ថាន នៅមហាវិទ្យាល័យ Imperial College London បានមានប្រសាសន៍ថា៖ «រលកកម្ដៅគឺជាការគំរាមកំហែងដ៏ធំបំផុតមួយ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ សីតុណ្ហភាពខ្ពស់ជាមូលហេតុនៅពីក្រោយការស្លាប់រាប់ពាន់នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ដែលភាគច្រើនមិនត្រូវបានគេរាយការណ៍ឱ្យបានដឹងនោះទេ»។

លោកបន្តថា៖ «ទោះបីជាមានភស្តុតាងអាចបញ្ជាក់យ៉ាងច្បាស់ទាំងអស់នេះក៏ដោយ ក៏សាធារណៈជននៅមានការយល់ដឹងតិចតួចអំពីគ្រោះថ្នាក់ដែលសីតុណ្ហភាពក្ដៅខ្លាំងបានជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់មនុស្សលោក»។ គួរដឹងដែរថា រដូវក្តៅនៅឆ្នាំ២០២២ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក នេះបើយោងតាមវិទ្យាស្ថានសេវាប្រែប្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប។

លោកវេជ្ជបណ្ឌិត Eunice Lo ដែលជាអ្នកស្រាវជ្រាវផ្នែកប្រែប្រួលអាកាសធាតុ និងសុខភាពនៅសកលវិទ្យាល័យ Bristol បាននិយាយថា៖ «រលកកម្ដៅកើតមានឡើងកាន់តែញឹកញាប់ និងកាន់តែខ្លាំងបន្ថែមទៀតនៅពេលដែលផែនដីទាំងមូលឡើងកម្ដៅខ្លាំង ដូច្នេះយើងអាចនឹកគិតបានថារលកកម្ដៅនឹងកាន់តែមានច្រើនឡើងៗ និងកាន់តែក្ដៅឡើងៗនាពេលអនាគត»។

លោកបានថ្លែងបន្ថែមថា៖ «អ្នកវិទ្យាសាស្ត្របានរកឃើញថារលកកម្ដៅកាលពីកន្លងមកជាច្រើនដងសុទ្ធតែមានការទាក់ទង់ជាមួយសកម្មភាពរបស់មនុស្ស។ នេះមានន័យថា រលកកម្ដៅកាន់តែខ្លាំងដែលគេសង្កេតឃើញកន្លងមក គឺដោយសារការបំភាយឧស្ម័នផ្ទះកញ្ចក់របស់មនុស្ស»។

កម្ដៅសកលគឺបណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីល ការបំផ្លាញព្រៃឈើ និងសកម្មភាពរបស់មនុស្សផ្សេងទៀត។ ទីភ្នាក់ងារថាមពលអន្តរជាតិបានផ្តល់អនុសាសន៍កាលពីឆ្នាំមុនថា គ្មានការប្រើប្រាស់នូវឧស្ម័ន ប្រេង ឬធ្យូងថ្មតទៅទៀតទេ ប្រសិនបើពិភពលោកចង់សម្រេចឲ្យបាននូវទិសដៅទប់ស្កាត់ការឡើងកម្ដៅភពផែនដី មិនឲ្យលើសពី ១,៥អង្សាសេ។

លោកវេជ្ជបណ្ឌិត Eunice Lo បានណែនាំថា យើងក៏ត្រូវបង្កើតសង្គមមួយដែលអាចធ្វើការសម្របខ្លួនទៅនឹងកម្ដៅក្ដៅខ្លាំងផងដែរ។ លោកបានមានប្រសាសន៍ថា៖ «យើងត្រូវការសម្របខ្លួនទៅនឹងកម្ដៅក្ដៅក្នុងរយៈពេលយូរ តាមរយៈការរចនាផ្ទះ សាលារៀន និងមន្ទីរពេទ្យដែលមានខ្យល់ចេញចូលបានល្អ និងអាចការពារការឡើងកម្ដៅខ្លាំង ការកែច្នៃនិងសាងសង់ទីក្រុងបៃតងដូចជាសួនច្បារនៅក្នុងទីក្រុង និងបង្កើតឧបករណ៍ដែលអាចប្រកាសព្រមានអំពីរលកកម្ដៅដល់សាធារណៈជនបានដឹងគ្រប់ៗគ្នា»៕ ដោយ៖ ធា សុខណា

ads banner