រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ
កំពង់ស្ពឺ៖ លោក ថន ថារិន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ បានដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី៥-៦ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តបានរៀបចំឱ្យមានមណ្ឌលប្រឡងចំនួន ១១មណ្ឌល បន្ទប់ប្រឡងចំនួន ១៨៨បន្ទប់ និងមានបេក្ខជនប្រឡងចំនួន ៤៦៩៥នាក់ ក្នុងនោះស្រីចំនួន ២៥១៨នាក់។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយពិនិត្យមើលឃើញពីលទ្ធភាពរបស់កូនក្មួយដែលមកពីតាមបណ្តាស្រុក-ក្រុងមួយចំនួនមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដោះស្រាយការស្នាក់នៅបណ្តោះអាសន្នរយៈពេលពីរថ្ងៃសម្រាប់ការប្រឡង រដ្ឋបាលខេត្តបានរៀបចំកន្លែងស្នាក់នៅចំនួន ១៨កន្លែងដោយឥតគិតថ្លៃដល់ក្មួយៗ។ កន្លែងទាំង ១៨ដែលរដ្ឋបាលខេត្តបានរៀបចំនោះគឺស្ថិតនៅក្បែរមណ្ឌលប្រឡងរបស់កូនក្មួយតែម្តង។
ជាមួយនោះអភិបាលខេត្តកំពង់ស្ពឺក៏បានប្រាប់ឱ្យមាតា អាណាព្យាបាលរបស់បេក្ខជនដែលមកប្រលងទាំងអស់សូមទាក់ទង់ដោយផ្ទាល់ទៅអ្នកគ្រប់គ្រងនៃទីតាំងនីមួយៗ ដែលគិតថា នៅជិតមណ្ឌលប្រឡង ដើម្បីបានកន្លែងស្នាក់នៅដោយមិនគិតថ្លៃ ព្រមទាំងបានកន្លែងដាក់មធ្យោបាយប្រកបដោយសុវត្ថិភាពផងដែរ ៕ ម៉ុន សំអាត