ប្រវត្តិរឿងរាវផូស៊ីលដាយណូស័រមុនត្រូវប្រកាសរកឃើញលើកដំបូងនៅកម្ពុជា

ខេត្តកោះកុង ៖ មុនឈានដល់ការសន្និដ្ឋាន និងចុងក្រោយនេះត្រូវបានកំណត់ជាក់លាក់ពីអ្នកជំនាញថា ថ្មមួយផ្ទាំងដែលផុសលេចចេញរូបរាងជាឆ្អឺងមួយកំណាត់ ដែលស្ថិតនៅជាប់មាត់សមុទ្រនៅខេត្តកោះកុង នោះជាផូស៊ីលឆ្អឺងដាយណូស័រដ៏អស្ចារ្យរបស់កម្ពុជានោះ តាមពិតពុំមាននរណាម្នាក់ដឹងសោះឡើយ ដោយដំបូងឡើយត្រូវបានគេសន្និដ្ឋានទៅតាមការស្រមើលស្រម៉ៃរៀងៗខ្លួនដោយអ្នកខ្លះថាជាថ្ម ខ្លះថាឆ្អឺង ជាដើម។

ឥឡូវរឿងរាវរបស់រូបរាងឆ្អឺងដែលផុសអណ្តែតក្នុងថ្មភក់មួយនេះមិនត្រឹមតែជាឆ្អឺងដែលក្លាយជាផូស៊ីលរាប់សិបលានឆ្នាំមកហើយនោះទេ នៅថែមទាំងមន្រ្តី និងអ្នកជំនាញគាស់យកធ្វើការសិក្សាស្រាវជ្រាវ និងតំកល់ទុកជាប្រយោជន៍ដល់ប្រទេសជាតិនៅថ្ងៃខាងមុខទៀតផង។

គួរបញ្ជាក់ថា ផូស៊ីលឆ្អឺងដាយណូស័រដែលជាសត្វបានបាត់បង់ពូជរាប់សិបលានឆ្នាំមកហើយ ត្រូវបានគេរកឃើញក្នុងទឹកដី កោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងកាលពីអំឡុងឆ្នាំ២០១៩ ។ រហូតមកដល់ឆ្នាំ២០២១ទើបអ្នកជំនាញបានវាយតម្លៃជាជំហ៊ានដំបូងថាអាចជាផូស៊ីលសត្វដាយណូស័រ ហើយឈានដល់ចុងក្រោយនេះបន្ទាប់ពីពិនិត្យដល់កន្លែងត្រូវ ក៏បានវាយតម្លៃ យ៉ាងជាក់លាក់ថាវាជាផូស៊ីលដោយណូស័រដំបូងនៅកម្ពុជាតែម្តង។

ទាក់ទិនក្នុងរឿងនេះ លោក តែម ក្រន អនុប្រធានភូមិ កោះប៉ោ ឃុំបាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុងបានរៀបរាប់ប្រាប់ AMSឱ្យដឹងថា ៖តាមពិត ផូស៊ីល ដាយណូស័រនេះពលរដ្ឋរស់នៅតំបន់កោះប៉ោភាគច្រើនបានប្រទះឃើញ ប៉ុន្តែអ្នកខ្លះក៏ចាប់អារម្មណ៍ ឯអ្នកខ្លះទៀតក៏មិនចាប់អារម្មណ៍។សម្រាប់រូបលោកក៏ធ្លាប់ប្រទះឃើញដែរ ប៉ុន្តែពុំបានយកចិត្តទុកដាក់ច្រើននោះឡើយ។

អនុប្រធានភូមិរូបនេះបញ្ជាក់ថា “កន្លងមកពលរដ្ឋមួយចំនួនពួកគាត់បានមកដល់កន្លែងនេះ ខ្លះបានតែឈរសម្លឹងមើលបន្តិចបន្តួចហើយក៏ងាកចេញទៅ, អ្នកខ្លះទៀតគេក៏កើតការសង្ស័យថាជាឆ្អឺងបង្កប់ជាប់ថ្ម ..អញ្ចឹងទៅ!”។

ប្រជានេសាទមួយរូប គឺលោក វណ្ណៈបានឱ្យដឹងថា រូបលោកក៏ធ្លាប់មកអង្គុយលេងនៅកន្លែងនេះម្តងម្កាលឃើញថ្មមួយផ្ទាំងនេះមានបង្កប់រូបរាងឆ្អឺងយូរណាស់មកហើយ។លោកបានតែសម្លឹងមើល ហើយចេះតែដណ្តឹងសួរខ្លួនឯងថាហេតុអ្វីថ្មមួយផ្ទាំងនេះលេចចេញរូបរាងជាឆ្អឺងនៅត្រង់កណ្តាល ប៉ុន្តែមិនដែលនឹកស្មានថាវាជាឆ្អឺងសត្វដ៏យូរលង់នេះបែបនេះទេ។លោកចាត់ទុកថាវាពិតជាអស្ចារ្យណាស់ដែលក្នុងស្រុកភូមិរបស់លោកមានវត្ថុមានតម្លៃដែលមិននឹកស្មានដល់បែបនេះ។

ទាក់ទិនក្នុងរឿងនេះដែរ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរ បរិស្ថានខេត្តកោះកុងបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ដើមឡើយផូស៊ីលឆ្អឺងដាយណូស័រនេះពុំទាន់មាននរណាដឹងថាវាជាឆ្អឹងសត្វអ្វីពិតប្រាកដទេ ប៉ុន្តែតាមរយៈការថតរូបភាពពីមន្រ្តីក្នុងខេត្តនេះផ្ញើរជូនលោក ហើយលោកបានផ្ញើរបន្តដល់ លោក លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានទើបចុងក្រោយនេះដឹងជាក់ថាវាជាផូស៊ីលដាយណូស័រ។

ដោយឡែក លោក លឹម វណ្ណច័ន្ទ ជាមន្រ្តី និង ជាអ្នកជំនាញ ដែលបានត្រួសត្រាយ យ៉ាងសកម្មទាក់ទិនក្នុងផូស៊ីលមួយនេះបានបញ្ជាក់ប្រាប់ថា៖បន្ទាប់ពី លោកបានទទួលរូបថតពីមន្ទីរខេត្តកោះកុងកាលពីអំឡុងខែមីនា ឆ្នាំ ២០២១ រួចមក រូបលោក និងក្រុមការងារបានចុះពិនិត្យតាមលក្ខណៈបច្ចេកទេស។ជាជំហ៊ានដំបូងបានសន្និដ្ឋានក្នុងវគ្គទី ១ថាវាជា ផូស៊ីល ឆ្អឺងបុរាណដែលមានអាយុកាលក្នុងចន្លោះចាប់ពី ៦៥ដល់១៩០លានឆ្នាំមុន ប៉ុន្តែពុំទាន់វាយតម្លៃថាជាឆ្អឺងអ្វីមួយឡើយ។បន្ទាប់ពីនោះរូបថតនេះត្រូវបាន ផ្ញើរជូនដល់ លោកអេរិក ប៊ីហ្វហ្វេតូ អ្នកជំនាញមកពីប្រទេសបារាំង ប្រទេសចិន និងស្វីសទីបំផុតត្រូវបានវាយតម្លៃថាវាជាផូស៊ីលសត្វដាយណូស័រ ។

លោក បានបញ្ជាក់បន្ថែមថា៖ “បន្ទាប់ពីចុះពិនិត្យដោយផ្ទាល់នៅទីតាំងពីអ្នកជំនាញបរទេសពិសេសលោក អេរិកជនជាតិបារាំង និង អ្នកជំនាញ២រូបទៀត នៅថ្ងៃនេះ(ទី២០ខែវិច្ឆិកា ឆ្នាំ ២០២២)ទើបយើងសម្រេចគាស់យកទៅរក្សាទុកនៅក្រសួងបរិស្ថាន ដើម្បី ធ្វើការសិក្សាស្រាវជ្រាវ បន្តមុននឹងយកទៅតំកល់ទុកនៅសារៈមន្ទីរនៅថ្ងៃខាងមុខ”។

ទាក់ទិនក្នុងរឿងនេះដែរ លោក អេរិក ប៊ីហ្វហ្វេតូ (Eric Buffetaut)អ្នកជំនាញការស្រាវជ្រាវទៅលើផូស៊ីលសត្វដាយណូស័រមកពីប្រទេសបារាំងបានឱ្យដឹងថា៖តាមរយៈការពិនិត្យជាក់ស្តែងវាជាឆ្អឺងសត្វដាយណូស័រ ហើយវាក៏ជាលើកដំបូងនៅកម្ពុជាដែលរកឃើញឆ្អឺងសត្វដ៏កម្រនេះក្នុងចំណោមប្រទេសដទៃទៀតលើពិភពលោក។

អ្នកជំនាញមកពីប្រទេសបារាំងវ័យ ៧២ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់ឱ្យដឹងបន្ថែមថា៖តាមការវាយតម្លៃវាជាសត្វដាយណូស័រប្រភេទកវែង ស៊ីរុក្ខជាតិជាអាហារ។សត្វដាយណូស័រប្រភេទនេះគេក៏ធ្លាប់រកឃើញនៅប្រទេសថៃកន្លងមកផងដែរ។

គួរបញ្ជាក់ថា ផូស៊ីលឆ្អឹង ដាយណូស័រនេះមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន ហើយនេះក៏ជាផូស៊ីលឆ្អឹងសត្វដំបូងគេ ដែលរកឃើញនៅកម្ពុជា។សម្រាប់បំណែកផូស៊ីលដាយណូស័រនេះដែរកប់ជាប់ក្នុងថ្មភក់ ហើយវាមានប្រវែង៧០ស.ម និងទទឹង២០ស.មនិងវាជាបំណែកឆ្អឹងស្មងជើងខាងឆ្វេង ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner