សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភ្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភ្សាការងារជាមួយ ឯកឧត្តម សាយ សំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា ឯកឧត្តម ភូមវិហាន បានសូមគោរពសម្ដែងនូវការអបអរសាទរ ចំពោះការរីកចម្រើនរបស់កម្ពុជា, ការទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ និងពិសេសបំផុតនោះ កម្ពុជា បានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ទទួលបានជោគជ័យយ៉ាងធំធេង។
ឯកឧត្តម ភូមវិហាន បានសម្ដែងនូវសេចក្ដីរីករាយ ចំពោះលទ្ធផល នៃកិច្ចប្រជុំអាយប៉ា លើកទី៤៣ ដែលបានសម្រេចជំរុញឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាមួយគ្នានោះដែរ ឯកឧត្តម ភូមវិហាន ក៏បានសំដែងនូវការពេញចិត្ត ជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់ ហើយក៏បានគោរពថ្លែងអំណរគុណ ក្នុងនាមបក្ស និងក្នុងនាមរដ្ឋ ជូនសម្ដេចតេជោ និងរដ្ឋាភិបាល កម្ពុជា ដែលបានផ្ដល់ថវិកា, វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ និងរថយន្តដឹកវ៉ាក់សាំង ជួយឡាវ ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ភូមវិហាន ដែលបានមកចូលរួមកិច្ចប្រជុំអាយប៉ាដោយផ្ទាល់ ឆ្លុះបញ្ចាំង នូវការគាំទ្រ ធ្វើឲ្យកិច្ចប្រជុំអាយប៉ា ទទួលបានជោគជ័យ ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តម ភូមិវិហាន អំពីយុទ្ធសាស្ត្រផ្ការីក ដកម្ពុជា បានដាក់ចុះនៅក្នុងការទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ១៩ ៕ដោយ:វណ្ណលុក