២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺន ៣ពាន់នាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន៣ពាន់ ២៧៧ករណី ដែលថយចុះចំនួន ៣៤៤ករណី បើប្រៀបធៀបតួលេខឆ្លងសរុប កាលពីម្សិលមិញ ។
នៅក្នុងអាស៊ានថ្ងៃនេះ មានប្រទេសចំនួន ៨ ដែលមានករណីឆ្លងថ្មីកូវីដ ១៩ ដែលរួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើន ជាងគេដដែល ដែលមានចំនួន៧ពាន់១១០ករណី ស្មើនឹងប្រមាណ៥៤ភាគរយ នៃតួលេខ ឆ្លង សរុបក្នុងចំណោមប្រទេសដែលរកឃើញឆ្លងនៅថ្ងៃនេះ នៅអាស៊ាន។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៩ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៧០នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៤១នាក់ ជាតួលេខស្លាប់ ច្រើនជាងគេផងដែរ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មាន៣៥លាន២៤ម៉ឺន ៦ពាន់ ៨១១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ២ពាន់ ២២៥ នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៤៥លានករណី, និងការស្លាប់មានជាង ៦លាន ៦៣ម៉ឺន នាក់។