មហោស្រពល្ខោនយុវជនអាស៊ីលើកទី៦ រៀបចំនៅខេត្តសៀមរាប បានផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរទៅកាន់អន្តរជាតិ និងការបើកឡើងវិញនូវវិស័យទេសចរណ៍ខេត្តសៀមរាប
សៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានចាត់ទុកមហោស្រពល្ខោនយុវជន-អាស៊ី លើកទី៦ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដែលរៀបចំនៅខេត្តសៀមរាប គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ផ្សព្វផ្សាយអំពីវប្បធម៍ខ្មែរទៅកាន់អន្តរជាតិ និងជាចូលរួមរួមផ្សព្វផ្សាយសម្រាប់ការបើកដំណើរការឡើងវិញនៃវិស័យទេសចរណ៍ខេត្តសៀមរាប ដែលនិងជួយដល់ជីវភាពរបស់បងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក្រោយពីវិបត្តិជំងឺកូវីដ១៩ផងដែរ។
ឯកឧត្តម អភិបាលរងខេត្តសៀមរាប បានថ្លែង គូសបញ្ជាក់ ប្រាប់ទូរទស្សន៍អប្សរា ក្រោយបញ្ចប់ពិធីបើកមហោស្រពល្ខោនយុវជន-អាស៊ី នៅក្នុងអង្គការហ្វា នៅខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម អភិបាលរង បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍បែបវប្បធម៌នេះ បានបង្កើតឡើងនៅក្នុងខេត្តសៀមរាប ពិតជាសាកសមណាស់ ព្រោះខេត្តសៀមរាប ជាខេត្តនិងទីក្រុងវប្បធម៌របស់កម្ពុជា ហើយជាវេទិការមួយដែលផ្តល់ឱកាសឲ្យយុវជនសិល្បៈករសិល្បៈការិនីទាំងខ្មែរនិងបរទេសបានផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក ពិសេស គឺការផ្សារភ្ជាប់នូវការរិតចំណងមិត្តភាព សាមគ្គីភាពផងដែរ។
ក្នុងនាមតំណាងឲ្យរដ្ឋបាលខេត្តសៀមរាបនិងតំណាងឲ្យឯកឧត្តម អភិបាលខេត្ត ទៀ សីហា ឯកឧត្តម គាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំនៅព្រឹត្តិការណ៍បង្ហាញអំពីវប្បធម៌ខ្មែរនៅទឹកដីខេត្តសៀមរាប ព្រោះវាជាការបង្ហាញដល់សិល្បៈករបរទេសនិងភ្ញៀវអន្តរជាតិបានឃើញពីវប្បធម៌សម្បូររបស់ខ្មែរ។
ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មហោស្រពល្ខោនយុវជនអាស៊ីមួយនេះ ត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំ ដែលបង្ហាញឲ្យឃើញពីភាពរស់រវើកក្នុងការលើកកម្ពស់វិស័យវប្បធម៌ និងសម័យក្នុងប្រទេសអាស៊ីតំបន់អាស៊ី។ មហោស្រពល្ខោននេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការល្អនិងជិតស្និតក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈរវាងយុវជនក្នុងតំបន់អាស៊ីដែលជាមិត្តជិតស្និតក្នុងអតីកាល បច្ចុប្បន្នកាល និង អនាគត។ ឯកឧត្តម សង្ឈឹមយ៉ាងមុតមាំថា ប្រទេសទាំង១២ដែលចូលរួមក្នុងមហោស្រពអាស៊ីលើកទី៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងទទួលបាននូវចំណេះដឹងបទពិសោធ និង ការចែករំលែកវប្បធម៌នារយៈពេល៤ថ្ងៃនេះ និងពង្រឹងនូវប្រពៃណីទូទៅ និងវិស័យវប្បធម៌ ទូទាំងតំបន់អាស៊ី។
សូមបញ្ជាក់ថា មហោស្រពយុវជនអាស៊ីលើកទី៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែ វិច្ឆកា ឆ្នាំ២០២២នៅទីរួមខេត្តសៀមរាប ដោយមានយុវជនមកពី១៣ប្រទេសចូលរួមបូកទាំងកម្ពុជា ក្នុងនោះ ចូលរួមតាមប្រព័ន្ធហ្សូម២ប្រទេស។ មហោស្រពល្ខោនយុវជនអាស៊ីលើកទី៦នេះ គឺជាវេទិការសម្រាប់ប្រតិបត្តិករល្ខោននៅក្នុងតំបន់អាស៊ី ដែលនិងធ្វើការចែករំលែកគ្នានូវចំណេះដឹងសិល្បៈ វប្បធម៌ទំនៀមទំលាប់ និងការផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក៕ អត្ថបទ៖ ជាវ ចន្ធូ