លោក ពូទីន រិះគន់ប្រព័ន្ធផ្សព្វផ្សាយ អំឡុងជំនួបជាមួយម្តាយកងទ័ព ដែលទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃសុក្រទី២៥ ខែវិច្ឆិកានេះ បានរិះគន់ចំពោះអ្វីដែលលោកបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយបោកប្រាស់ នៃយុទ្ធនាការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នៅពេលលោកបានជួបជាមួយម្តាយរបស់ក្រុមទាហានរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅទីនោះ។
ថ្លែងក្នុងជំនួបនេះ លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា ជីវិតគឺកាន់តែលំបាក និងសម្បូរបែប នូវអ្វីដែលត្រូវបានបង្ហាញនៅលើអេក្រង់ទូរទស្សន៍ ឬសូម្បីតែនៅលើប្រព័ន្ធអ៊ីនធើណែត… មានព័ត៌មានក្លែងក្លាយជាច្រើន រួមទាំងការបោកប្រាស់ និងភូតកុហកនៅទីនោះ (អ៊ុយក្រែន)។
ទន្ទឹមគ្នា សាច់ញាតិរបស់ទាហានរុស្ស៊ីមួយចំនួន បានត្អូញត្អែរពីការមិនត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ ហើយបានរិះគន់ចំៗទៅលើការដឹកនាំរបស់លោក ពូទីន។
គួរបញ្ជាក់ថា កិច្ចប្រជុំនៅវិមានក្រឹមឡាំងជាមួយស្ត្រីជាច្រើននាក់នេះ បានកើតមានឡើងនៅពេលដែលភាពមិនប្រាកដប្រជានៅតែមាន នៅពេលដែលរុស្ស៊ីកំពុងប្រឈមមុខនឹងការបរាជ័យក្នុងសមរភូមិនៅអ៊ុយក្រែននាពេលថ្មីៗនេះ តួយ៉ាងដូចជាការដកទ័ពចេញពីតំបន់ខឺសុន៕ ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា