លោក ហ្សេលេនស្គី អះអាងថា រូបមន្តប្រយុទ្ធរបស់អ៊ុយក្រែននឹងឈ្នះរុស្ស៊ី
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃសុក្រទី២៥ ខែវិច្ឆកានេះ បានសង្កត់ធ្ងន់ថា គ្មានការងឿងឆ្ងល់ទេថា រូបមន្តរបស់អ៊ុយក្រែន សម្រាប់ការសម្រេចបានសន្តិភាព “នឹងទទួលជ័យជំនះ” ទោះបីជាមានការបន្តការឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែនក៏ដោយ។
លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ខ្ញុំគ្មានមន្ទិលទេថា ទីបំផុតយើងនឹងណែនាំរូបមន្តសន្តិភាពអ៊ុយក្រែន ហើយបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី ដោយយើងនឹងរុះរើការគំរាមកំហែង ដែលកើតឡើងលើអ៊ុយក្រែន អឺរ៉ុប និងពិភពលោកទាំងមូល។
លោក ហ្សលេនស្គី បន្ថែមថា នៅពេលដែលជោគវាសនារបស់អ៊ុយក្រែនត្រូវបានកំណត់ នោះជោគវាសនារបស់អឺរ៉ុបកណ្តាល និងខាងកើតទាំងមូល ក៏នឹងត្រូវបានកំណត់ផងដែរ។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ទៀតថា អ៊ុយក្រែននឹងមានសេរីភាព ហើយអ៊ុយក្រែននឹងក្លាយជាប្រទេសលទ្ធិប្រជាធិបតេយ្យ និងមានភាពរឹងមាំ។ដូច្នេះនៅពេលដែលយើងធានាសន្តិសុខរយៈពេលវែងសម្រាប់អ៊ុយក្រែន យើងក៏នឹងធានាសុវត្ថិភាពសម្រាប់ទ្វីបទាំងមូលផងដែរ។
សូមបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃសុក្រសប្តាហ៍នេះ ក៏បានទៅទស្សនាទីតាំងរងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នៅឯអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង វីសូរ៉ូដ ជិតទីក្រុងកៀវ ហើយបាននិយាយថា ជំនួយចាំបាច់ទាំងអស់កំពុងត្រូវបានផ្តល់ដល់ប្រជាជនដែលរងផលប៉ះពាល់៕ ប្រភព៖ News 360 ដោយ៖ ទីណា និងបុត្រា