ប្រមុខអង្គការណាតូសន្យារក្សាការគាំទ្រដល់អ៊ុយក្រែន
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសន្យាថា នឹងជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ដរាបណាខ្លួននៅតែត្រូវការ។
លោក Stoltenberg បានថ្លែងបែបនេះ ប្រាប់ទៅកាន់អ្នកសារព័ត៌មានក្នុងថ្ងៃសុក្រទី២៥ ខែវិច្ឆិកានេះ នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ ក្នុងប្រទេសរូម៉ានី នាសប្តាហ៍ក្រោយ។
បន្ថែមលើនេះ លោកក៏បានអំពាវនាវឲ្យប្រទេសសមាជិកណាតូ បន្តផ្តល់ប្រព័ន្ធការពារអាកាស និងសព្វាវុធផ្សេងទៀតដល់អ៊ុយក្រែនផងដែរ។
ទន្ទឹមគ្នា លោក Stoltenberg ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការ ក្នុងការជួយអ៊ុយក្រែនផ្លាស់ប្តូរពីសម្ភារៈយោធាសម័យសូវៀតទៅជាស្តង់ដារទំនើប ស្តង់ដា និងការបណ្តុះបណ្តាលរបស់ណាតូក្នុងរយៈពេលវែងជាងនេះ។
ប្រមុខអង្គការណាតូរូបនេះ ក៏បានចង្អុលបង្ហាញដែរថា បណ្តាប្រទេសណាតូបាននិងកំពុងផ្តល់ប្រេង ការផ្គត់ផ្គង់វេជ្ជសាស្រ្ត បរិក្ខាររដូវរងា និងយន្តហោះដ្រូន ហើយថា លោកនឹងអំពាវនាវឱ្យផ្តល់កាន់តែច្រើន អំឡុងកិច្ចប្រជុំក្នុងទីក្រុងប៊ុយការ៉េស ប្រទេសរូម៉ានី៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា