អតីតអធិការបតីអាល្លឺម៉ង់៖ ខ្លួនគ្មានសិទ្ធិអំណាចបញ្ឈប់ការឈ្លានពានរបស់លោក ពូទីន លើអ៊ុយក្រែនបានទេ
ប៊ែរឡាំង៖ អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ថ្លែងថា លោកស្រីមិនអាចមានឥទ្ធិពលលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មុនពេលការលុកលុយរបស់គាត់លើអ៊ុយក្រែនបានទេ ដោយសារតែអំណាចផ្ទាល់ខ្លួនរបស់លោកស្រី ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel លោកស្រី Merkel បាននិយាយថា គាត់មិនមានភាពរារែកក្នុងការនិយាយជាមួយលោក ពូទីន ទេ ក្នុងថ្ងៃបិទបញ្ចប់ការដឹកនាំរបស់លោកស្រី ដែលបានបញ្ចប់ទៅនៅខែធ្នូ ឆ្នាំ២០២១។
លោកស្រីបានប្រាប់ទស្សនាវដ្ដីនេះថា គាត់ចង់បង្កើតកិច្ចពិភាក្សារវាងលោក ពូទីន ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងខ្លួនលោកស្រីផ្ទាល់នារដូវក្តៅឆ្នាំ ២០២១ នៅពេលដែលមានសញ្ញាលេចចេញមកថា លោក ពូទីន អាចនឹងធ្វើការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន។
ប៉ុន្តែលោកស្រីថា នៅពេលដែលលោកស្រីស្នើឱ្យមានការពិភាក្សាទៅកាន់មេដឹកនាំអឺរ៉ុបផ្សេងទៀត មនុស្សមួយចំនួនបានជំទាស់ ហើយខ្ញុំលែងមានកម្លាំង ដើម្បីអះអាងពីខ្លួនឯងទៀតហើយ ពីព្រោះមនុស្សគ្រប់គ្នាដឹងថា ខ្ញុំនឹងផុតអាណត្តិនៅរដូវស្លឹកឈើជ្រុះ។
គួរបញ្ជាក់ថា លោកស្រី Merkel បានចាកចេញពីតំណែងនៅខែធ្នូ ឆ្នាំ២០២១ ហើយការឈ្លានពានរបស់លោក ពូទីន លើអ៊ុយក្រែន បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ពូទីន បានប្រមូលផ្តុំកងកម្លាំងរបស់គាត់នៅតាមព្រំដែនអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ ខណៈដែលលោកស្រី Merkel កំពុងបម្រើការជាមេដឹកនាំចាំផ្ទះ៕ ប្រភព៖ Business Insider ដោយ៖ ទីណា និងបុត្រា