ប្រធានាធិបតីបារាំងនឹងលើកឡើងពីទុក្ខកង្វល់ផ្នែកពាណិជ្ជកម្ម អំឡុងជំនួបជាមួយលោក បៃដិន នាសប្តាហ៍ក្រោយ
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងលើកឡើងពីការព្រួយបារម្ភ អំពីផលប៉ះពាល់នៃការឧបត្ថម្ភធនឧស្សាហកម្មរបស់សហរដ្ឋអាមេរិក និងការបន្ធូរបន្ថយពន្ធ ក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់បារាំង ក្នុងថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។
បារាំង និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ច្បាប់កាត់បន្ថយអតិផរណា (IRA) ដែលលោក បៃដិន បានចុះហត្ថលេខាកាលពីខែសីហាកន្លងទៅ នឹងប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មឆ្លងអាត្លង់ទិក ដើម្បីផ្តល់ឱ្យក្រុមហ៊ុនអាមេរិកនូវអត្ថប្រយោជន៍មិនយុត្តិធម៌។
ច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីពន្លឿនការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលមានកាបូនទាប ដែលមានការឧបត្ថម្ភធនប្រហែល ៣៧០ពាន់លានដុល្លារសម្រាប់ថាមពលបៃតង ក៏ដូចជាការកាត់បន្ថយពន្ធសម្រាប់រថយន្តអគ្គិសនី និងអាគុយដែលផលិតនៅសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ជំនួយការជាន់ខ្ពស់របស់លោក ម៉ាក្រុង បានប្រាប់អ្នកយកព័ត៌មាន កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ មុនដំណើរទស្សនកិច្ចរបស់មេដឹកនាំបារាំងទៅកាន់សហរដ្ឋអាមេរិកថា យើងមិនអាចប្រថុយនឹងវិនាសកម្មផ្នែកឧស្សាហកម្មបន្ថែមទៀតនៅក្នុងទ្វីបអ៊ឺរ៉ុបបានទេ ពោលគឺនៅពេលដែលយើងកំពុងព្យាយាមបង្កើតឧស្សាហកម្មឡើងវិញ។ ការព្រួយបារម្ភដ៏ធំបំផុត នោះគឺអំពីការវិនិយោគរបស់អាមេរិកនៅអឺរ៉ុប ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍។
ទោះបីជាយ៉ាងណា លោក ម៉ាក្រុង បានលើកឡើងថា មិនមានការផ្លាស់ប្តូរធំដុំណាមួយអាចត្រូវបានធ្វើឡើងចំពោះច្បាប់ដែលមើលឃើញថា ជាសមិទ្ធិផលនីតិប្បញ្ញត្តិដ៏សំខាន់មួយរបស់លោក បៃដិន ក៏ដោយ ក៏គាត់សង្ឃឹមថា នឹងបង្កើតការលើកលែងមួយចំនួន ដើម្បីជួយដល់ឧស្សាហកម្មអឺរ៉ុប៕ ប្រភព៖ AFP ដោយ៖ ទីណា និងបុត្រា