ពង្រីកការអនុវត្ត «កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ដំបូង» ត្រូវបានរៀបចំឡើងនៅខេត្តកំពង់ធំ
កំពង់ធំ៖វគ្គបំប៉នស្ដីពី«វិធីសាស្រ្តបង្រៀននិងការប្រើប្រាស់កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ទី១ ឆមាសទី១» ដល់គ្រូបង្រៀនថ្នាក់បឋមសិក្សា(ថ្នាក់ទី១) គ្រូប្រឹក្សាគរុកោសល្យប្រចាំសាលារៀន និងទីប្រឹក្សាគរុកោសល្យជំនាញ ទូទាំងខេត្តកំពង់ធំចំនួន ១.០៥០នាក់ត្រូវបានប្រារព្ធបើកនៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកាឆ្នាំ២០២២។វគ្គបំប៉នក្នុង រយៈពេលប្រាំថ្ងៃនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនគណិតវិទ្យាកម្រិតថ្នាក់ដំបូងតាមរយៈវិធីសាស្រ្តបង្រៀនថ្មីៗនិងជាការអនុវត្តនូវយុទ្ធសាស្រ្តដែលក្រសួងបានរៀបចំក្នុងការពង្រឹងវិធីសាស្រ្តបង្រៀននិងការគ្រប់គ្រងថ្នាក់រៀនទៅដល់លោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេសសម្រាប់កម្រិតបឋមសិក្សា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាង
ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការវីវីអូប៊ី (VVOB)ដែលជាដៃគូ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថាវគ្គនេះបានរៀបចំឡើងដោយនាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡាដែលទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីសំណាក់អង្គការវីវីអូប៊ី(VVOB)ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលនៃប្រទេសប៊ែលហ្ស៊ិក។
បណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងឱ្យដឹងថាក្រោមកិច្ចសហការ រវាងក្រសួងជាមួយអង្គការVVOBការអនុវត្តសកម្មភាពបំប៉នដល់លោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននៅកម្រិតថ្នាក់បឋមនេះគឺជាការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងដែលផ្ដោតសំខាន់លើការពង្រឹងនិងលើកកម្ពស់វិធីសាស្រ្តបង្រៀនដើម្បីឱ្យលោកគ្រូអ្នកគ្រូបង្រៀនទាំងអស់មានសមត្ថភាពបន្ថែមក្នុងការបង្រៀនដល់សិស្សានុសិស្សកម្រិតបឋមថ្នាក់ទី១ ទី២ និងទី៣ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបណ្ឌិតបន្តថា «បន្ថែមពីវគ្គបំប៉នវិធីសាស្រ្តបង្រៀន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំឯកសារជំនួយ សិស្សជាវីដេអូខ្លីៗដើម្បីជូនទៅអាណាព្យាបាលសិស្សឱ្យជួយជំរុញកូនៗរបស់គាត់រៀននៅផ្ទះ បន្ថែមទៀត។»
កញ្ញា ម៉េរ៉ល លូវហ្ចីស (Merel Luichies) ប្រធានគម្រោង នៃ អង្គការ VVOB ប្រចាំប្រទេសកម្ពុជាបានបង្ហាញនូវក្ដីរពឹង ទុកថា សិក្ខាកាមនឹងទទួលបានចំណេះដឹង និង ជំនាញបន្ថែម ដើម្បី បំប៉នសមត្ថភាពពួកគេ ក្នុងការអនុវត្តវិធីសាស្រ្តរៀន និងបង្រៀន កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ដំបូងនេះ ទៅដល់សិស្សានុសិស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ អនាគតនៃការសិក្សានិង ការងាររបស់ពួកគេ។
កញ្ញាបានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីនៃក្រសួងអប់រំសម្រាប់ជំនឿជឿជាក់ មកលើ អង្គការVVOB ក្នុងនាមជាដៃគូអភិវឌ្ឍវិស័យអប់រំ។កញ្ញាក៏ សូម ថ្លែងអំណរគុណដល់ នាយកដ្ឋានបឋមសិក្សា, នាយកដ្ឋាន បណ្ដុះបណ្ដាលគ្រូបង្រៀន និង នាយកដ្ឋានធានាគុណភាពអប់រំ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាកន្លងមក ដើម្បីរៀបចំអនុវត្ត ផែនការយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការពង្រឹងវិស័យអប់រំកម្រិតបឋមសិក្សា»។
សូមបញ្ជាក់ផងដែរថាបន្ទាប់ពីការដាក់ឱ្យអនុវត្តវិធីសាស្រ្តបង្រៀននិងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូងសម្រាប់ថ្នាក់ទី១ និងទី២ នេះរួច ក្រសួងអប់រំ យុវជន និងកីឡា ក៏កំពុងរៀបចំ មាតិកា ថ្នាក់ទី៣បន្តទៀត។ បន្ថែមពីការបំប៉នសមត្ថភាពនេះ ក្រសួងក៏នឹងត្រៀមរៀបចំស្តង់ដារគណិតវិទ្យាថ្នាក់ដំបូង ដើម្បី ជួយឱ្យលោកគ្រូ អ្នកគ្រូ មានលទ្ធភាពក្នុងការវាយតម្លៃការ សិក្សា របស់សិស្សជាប្រចាំនៅក្នុងកម្រិតថ្នាក់ដំបូងផងដែរ៕ដោយ៖ស្រីរុំ