មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ស្នើអ.ស.ប បន្ថែមកម្លាំង និងបំពាក់សម្ភារសម្រាប់បេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង និងសាធារណរដ្ឋមាលី
ភ្នំពេញ៖ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើមន្រ្តីអង្គការសហប្រជាជាតិ (អ.ស.ប)ជំរុញឱ្យមានការដាក់ពង្រាយកងកម្លាំងមួកខៀវកម្ពុជាចំនួន៤៦ រូប និងសម្ភារៈ គ្រឿងបំពាក់បន្ថែមទៀត ដើម្បីទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
ការសំណូមពរនេះ ត្រូវបានធ្វើឡើង ក្នុងជំនួបទ្វេភាគី រវាងប្រមុខកងទ័ពមួកខៀវកម្ពុជា និងលោកស្រី Amy Weesner មន្ត្រីអង្គការសហប្រជាជាតិ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ( NPMEC ) នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានលើកឡើងដោយស្នើឱ្យមានការបន្ថែមសម្ភារ គ្រឿងបំពាក់មួយចំនួនទៀត សម្រាប់បម្រើឱ្យការងាររបស់កងកម្ទេចគ្រឿងផ្ទុះ ( EOD )នៅសាធារណរដ្ឋមាលីផងដែរ។
ដោយឡែកមធ្យោបាយ សម្ភារ គ្រឿងបំពាក់ស្ពានបណ្តែតទឹក និងកងកម្លាំងស្ពានបណ្តែតទឹក ដែលជាតម្រូវការរបស់អ.ស.ប បានស្នើមកកាន់កម្ពុជានោះ បច្ចុប្បន្នកម្ពុជា បានត្រៀមរួចជាស្រេចហើយ ដើម្បីត្រៀមចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលនាពេលខាងមុខ ។
នាជំនួបទ្វេភាគីនោះដែរ លោកស្រី Amy Weesner ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកងទ័ពកម្ពុជា ក្នុងការរួមចំណែកចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ជូនមនុស្សជាតិលើពិភពលោក។
ឆ្លៀតឱកាសនោះ លោកស្រី ក៏បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃគម្រោងត្រីភាគី កម្ពុជា កូរ៉េខាងត្បូង និងអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ៖ នាង សុគន្ធា