ប្រេសិតពិសេសអ.ស.ប ៖ សុវត្ថិភាពចរាចរណ៍ គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែចូលរួម និងយកចិត្តទុកដាក់
ភ្នំពេញ៖ប្រេសិតពិសេសអង្គការសហប្រជាជាតិ(អ.ស.ប) បានលើកឡើងថា សុវត្ថិភាពចរាចរណ៍ គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែចូលរួម មិនមែនអនុវត្តតែក្នុងកម្រិតថ្នាក់ដឹកនាំនោះទេ ហើយចំណុចចម្បងៗគួរយកចិត្តទុកដាក់ គឺការបញ្ជ្រាប ពីសុវត្ថិភាពចរាចរណ៍តាមវិស័យអប់រំ ការរឹតបន្តឹងការប្រលងយកបណ្ណបើកបរ និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ជាដើម។
លោក ជីន ថូត (Jean Todt) ប្រេសិតពិសេសអ.ស.ប ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានលើកឡើងដូចនេះ ក្នុងជំនួបជាមួយនឹងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា នាទីស្តីការក្រសួង។
នាជំនួបពិភាក្សាការងារនោះឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក ជីន ថូត ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ហើយលោករដ្ឋមន្រ្តីក៏បានបង្ហាញពីការផ្លាស់ប្តូរផ្សេងៗ និងទិន្នន័យព័ត៌មានដែលទាក់ទងនឹងវិស័យដឹកជញ្ជូន និងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីកំណើននៃការប្រើប្រាស់យានជំនិះ គ្រោះថ្នាក់ចរាចរណ៍ ការជំរុញយុទ្ធនាការសុវត្ថិភាពចរាចរណ៍ (ការចែកមួកសុវត្ថិភាព និងបន្ទះចំណាំងផ្លាត) ការជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី ការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវទំនើបកម្មបច្ចេកវិទ្យា(Driving Rules App, Point Deduction)និងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍តាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗ។
លោកបានថ្លែងថា ៖ «ទាំងអស់នេះសបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការជំនាញ»។
ជាមួយគ្នានោះ លោក ជីន ថូត ក៏បានសម្តែងនូវចំណាប់អារម្មណ៍ និងការវាយតម្លៃខ្ពស់ចំពោះទិន្នន័យព័ត៌មានទាំងអស់នោះ ហើយលោកបានសង្កត់ធ្ងន់ទៅលើចំណុចសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ដោយសាររូបលោកផ្ទាល់គឺជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើវិស័យនេះ។
លោកបានបញ្ជាក់ថា ៖ «សុវត្ថិភាពចរាចរណ៍គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែចូលរួម មិនមែនអនុវត្តតែក្នុងកម្រិតថ្នាក់ដឹកនាំនោះទេ ហើយចំណុចចម្បងៗគួរយកចិត្តទុកដាក់ រួមមាន ការបញ្ជ្រាបអំពីសុវត្ថិភាពចរាចរណ៍តាមវិស័យអប់រំ ការបំពាក់នូវកាមរ៉ាចាប់ល្បឿនតាមដងផ្លូវ រឹតបន្តឹងការប្រលងយកបណ្ណបើកបរ ការត្រួតពិនិត្យគុណភាពមួកសុវត្ថិភាព និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង»។
សូមបញ្ជាក់ថា គោលដៅចម្បងមួយនៃការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) គឺការកាត់បន្ថយចំនួនអ្នករងរបួស និងស្លាប់នៅតាមដងផ្លូវឱ្យបាន៥០ភាគរយ ត្រឹមឆ្នាំ២០៣០ ដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោក៕ ដោយ៖ នាង សុគន្ធា