សមត្ថកិច្ចចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ទាក់ទងការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកម៉ោងជាង១០ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលី ចូលមកកម្ពុជាវិញ។ ការចាប់ខ្លួននេះ គឺតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក អឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា នេះថា “ពិតជាមានករណីឃាត់ខ្លួនមែន ខាងការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយខាងព្រលាន បានធ្វើការឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ តាមដីកាឃាត់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ ពីព្រោះតុលាការបានចេញដីកាមួយឱ្យគាត់ (ឈឹម ស៊ីថរ) ស្ថិតនៅក្នុងដែន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យ បើសិនជាគ្មានការអនុញ្ញាតពីតុលាការ គឺគាត់មិនមានសិទ្ធិចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាទេ។ ករណីនេះ ដែលមានការចោទប្រកាន់កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ មួយចំនួនទាក់ទងនឹងបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គមជាតិ ដោយផ្តោតលើក្រមព្រហ្មទណ្ឌមាត្រា ៤៩៤ និងមាត្រា ៤៩៥ ”។

គួររម្លឹកឱ្យដឹងថា ឈ្មោះ ឈឹម ស៊ីថរ មេក្លោងដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ខណៈដែលកំពុងតែដឹកនាំបាតុកម្មខុសច្បាប់នៅមុខស្ថាទូតអូស្ត្រាលី។ ការចាប់ខ្លួនពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។ គួរបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញមេដឹកនាំបាតុករធ្វើបាតុកម្មតវ៉ាខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺមានរចនាសម្ព័ន្ធអង្គការចាត់តាំងច្បាស់លាស់ដើម្បីបង្កភាពវឹកវរដល់សង្គមកម្ពុជា និងទទួលបានថវិកាពីអង្គការក្នុងស្រុក និងក្រៅប្រទេសដើម្បីធ្វើសកម្មភាព។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ច កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ បានធ្វើសន្និសីទកាសែតបង្ហាញពីភស្តុតាងមួយចំនួនដែលបញ្ជាក់ថា ការរៀបចំប្រមូលផ្តុំមនុស្សធ្វើការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក គឺមានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ដើម្បីបង្កភាពវឹកវរដល់សង្គមកម្ពុជា ដែលទទួលបានជំនួយជាថវិការាប់សិបម៉ឺនដុល្លារពីអង្គការចាត់តាំងក្នុងស្រុក និងក្រៅប្រទេស។

លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចបានធ្វើកោសល្យវិច័្ឆយទៅលើទូរស័ព្ទ និងកុំព្យូទ័ររបស់ជនល្មើស ដោយបានរកឃើញមានការឧបត្ថម្ភថវិកាពីក្រៅប្រទេស និងមានអង្គកាចំនួន៣ គឺមួយនៅក្រៅប្រទេស និង២ទៀតនៅក្នុងស្រុក បានឧបត្ថម្ភថវិកាជាច្រើនម៉ឺនដុល្លារសម្រាប់គាំទ្រដល់ការធ្វើបាតុកម្មខុសច្បាប់នេះ។ សមត្ថកិច្ចក៏បង្ហាញរូបភាពមួយចំនួននៃការរៀបចំផែនការក្នុងការធ្វើសកម្មភាពតវ៉ាដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ ពីមួយជំហានទៅមួយជំហាន និងការទទួលបានថវិកាពីក្រៅប្រទេសដើម្បីធ្វើសកម្មភាពដោយផ្ទាល់។ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានបញ្ជាក់ថា តាមគម្រោងដែលគេរៀបចំ គឺឈ្មោះ ឈឹម ស៊ីថរ មានផែនការនឹងកម្ទេចក្រុមហ៊ុនណាហ្គាវើលដ៍។

ចំណែកលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញវត្ថុតាងជាច្រើនបង្ហាញថា ជនល្មើសទទួលផែនការពីក្រៅប្រទេសក្នុងការធ្វើសកម្មភាពតវ៉ាខុសច្បាប់។ ថវិកាដែលគេផ្តល់មកឱ្យ ឈឹម ស៊ីថរ មានច្រើនដំណាក់កាលដែលគេបានរៀបចំដាក់ចេញជាផែនការសកម្មភាព ដោយក្នុងមួយដំណាក់កាលៗទទួលបានថវិកាចំនួន៥ពាន់ដុល្លារ សរុបទៅមានចំនួនរាប់សិបម៉ឺនដុល្លារ។ សមត្ថកិច្ចមិនត្រឹមតែមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកប៉ុណ្ណោះទេ លើសពីនេះគឺជនល្មើសទាំង ៦នាក់ ដែលអាជ្ញាធរចាប់ខ្លួន បានសារភាពទទួលស្គាល់កំហុសផងដែរ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួន ៩នាក់ រួមទាំងបក្ខពួកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ររបស់លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្តថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការលើសំណុំរឿងដែលមានជនសង្ស័យចំនួន ៩នាក់ មានដូចជាៈ ១. ឈឹម ស៊ីថរ ២. រី សុវណ្ណឌី ៣. សុន ស្រីពេជ្រ ៤. ហៃ សុភាព ៥. ឃ្លាំង សុបិន្ត ៦. ទូច សិរីមាស ៧. ឈឹម សុខន ៨. សុខ ណារិន និង៩. សុខ គង្គា ព្រមទាំងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងអង្គហេតុញុះញង់បំផុសបំផុលក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលត្រូវបានបណ្តេញចេញឱ្យធ្វើសកម្មភាពបង្កចលាចលដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអាចបង្កឲ្យមានអសន្តិសុខដល់សង្គម។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលភស្តុតាងរួចមកអំពើដែលបានប្រព្រឹត្តខាងលើបានបំពានច្បាប់ដូចមានចែងក្នុងមាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ខាងលើនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើបុគ្គលខាងលើ រួមទាំងបក្ខពួកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សមត្ថកិច្ចបានបញ្ជូនខ្លួនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួន៦ ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ដើម្បីឲ្យព្រះរាជអាជ្ញានិងចៅក្រមធ្វើការសាកសួរតាមនីតិវិធី។ មេដឹកនាំបាតុកម្មខុសច្បាប់ទាំង ៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានដឹកនាំបាតុកម្មខុសច្បាប់ និងបានបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ មនុស្សទាំង ៦នាក់រួមមាន៖ ១. អ្នកស្រី ឈឹម សុខន អគ្គលេខាធិការសហជីព ២. អ្នកស្រី ឃ្លាំង សុបិន្ត អីប្រឹក្សាជាន់ខ្ពស់ ,ហិរញ្ញិកសហជីព( អ្នកកាន់លុយចំណាយសហជីព) ៣. អ្នកស្រី ហៃ សុភាព (តំណាងក្រុមអ្នកចរចា) ៤. កញ្ញា សុន ស្រីពេជ្រ (តំណាងក្រុមអ្នកចរចា)៥. អ្នកស្រី រី សុវណ្ណឌី ( តំណាងក្រុមអ្នកចរចា) និង៦. អ្នកស្រី ទូច សិរីមាស ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ អ្នកទាំង៦ នាក់ ត្រូវបានឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕
ដោយ៖ពលជ័យ

ads banner