តុលាការចេញដីការឹបអូសជាបណ្តោះអាសន្នអចលនវត្ថុចំនួន០២កន្លែង ដែលជារបស់លោក សុន ឆ័យ
ភ្នំពេញ៖ អចលនវត្ថុចំនួន០២កន្លែង ដែលជារបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានតុលាការចេញដីការឹបអូសជាបណ្តោះអាសន្ន។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីលោក គី តិច និងលោក ផូ សុធាផល មេធាវីតំណាងឱ្យអាណត្តិម្ចាស់បំណុល ស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពាររឹបអូសជាបណ្តោះអាសន្ននៅអចលនវត្ថុរបស់លោក សុន ឆ័យ ចំនួនពីរកន្លែង ស្ថិតនៅភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមួយកន្លែងទៀតស្ថិតនៅមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើយោងតាមដីកាចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលសារព័ត៌មាន AMS ទើបតែទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នដែលចេញដោយលោកលោក អួង វុទ្ធា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្រេច៖
១- រឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុចំនួន ០២កន្លែង ជាទ្រព្យសម្បត្តិរបស់កូនបំណុលឈ្មោះ សុន ឆ័យ មាន
ក. អចលនវត្ថុ (ថ្មី អគារ) មានលេខក្បាល ១៦០ មានផ្ទៃដីទំហំ ៣៥៩ ម៉ែត្រការ៉េ ស្ថិតនៅភូមិ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៤០៧០៩-០១៦០) ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ។
ខ. អចលនវត្ថុ (ដី អគារ) មានលេខក្បាល ៦១១ មានផ្ទៃដីទំហំ ៧៥ ម៉ែត្រការ៉េ ស្ថិតនៅ មណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៧១០០២១២-០២១១ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ។
២- ដើម្បីទទួលបាននូវការលុបចោលការអនុវត្តការរឹបអូសជាបណ្ដោះអាសន្ន នេះ លោកសុន ឆ័យ ត្រូវដាក់ប្រាក់តម្កល់ទៅតុលាការចំនួន ៣.០០០.០០០.០០០ រៀល (បីពាន់លានរៀល) ជាប្រាក់រំដោះ។
៣- រឹបអូសប្រាក់ប្រដាប់ក្តីដែលម្ចាស់បំណុលបានបង់រួច។
ក្នុងដីកានេះ ក៏បានបញ្ជាក់ដែរថា ភាគីដែលមិនសុខចិត្តនឹងដីកាសម្រេចនេះ អាចដាក់ពាក្យសុំតវ៉ា សុំលុបចោលដីកាសម្រេចរក្សាការពារ តាមបញ្ញត្តិមាត្រា ៥៥០ និងមាត្រា ៥៥៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លៀងទៀន កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ បន្ទាប់ពីសវនាការចប់ ចៅក្រមបានប្រកាសសាលក្រមយកតែម្តង ដោយសម្រេចផ្ដន្ទាទោសលើឈ្មោះ សុន ឆ័យ ពិន័យជាប្រាក់ចំនួន៨លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ផ្តន្ទាទោសនូវទោសបន្ថែមលើជនជាប់ចោទ រួមមានៈ បិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅទីលំនៅរបស់ជនជាប់ចោទ នៅសាលាសង្កាត់នៃទីលំនៅរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោត ឃុំ-សង្កាត់នៃរាជធានី-ខេត្ត និងនៅបញ្ឈរព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់រយៈពេល២ខែ។ ផ្សាយសេចក្តីសម្រេចផ្ទន្ទាទោស នៅក្នុងសារព័ត៌មានសរសេររយៈពេល៨ថ្ងៃ។ សោហ៊ុយចុះផ្សាយខាងលើ ជាបន្ទុករបស់ជនជាប់ចោទ។ ផ្សាយសេចក្តីសម្រេចផ្ទន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនោគមន៍ សោតទស្សន៍ រយៈពេល៨ថ្ងៃ។ សោហ៊ុយចុះផ្សាយខាងលើជាបន្ទុករបស់ទណ្ឌិត។ បង្គាប់ឱ្យឈ្មោះ សុន ឆ័យ សងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០លានរៀល។
សូមរម្លឹកថា គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក៏បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន លើកការចោទ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ ដោយស្នើសុំឱ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្តបួនពាន់លានរៀល ឬស្មើនឹងមួយលានដុល្លារអាមេរិក។ បណ្តឹងនេះបានប្រគល់សិទ្ធជូនលោក គី តិច ជាមេធាវី តំណាងឱ្យគណបក្សប្រជាជនកម្ពុជា។ នៅក្នុងពាក្យបណ្តឹងដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនាលោក គី តិច មេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា បានគូសរំលេចនូវពាក្យសម្តីមួយចំនួនរបស់លោក សុន ឆ័យ ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានមួយចំនួន។ សម្តីក្នុងបទសម្ភាសន៍ទាំងនោះ ត្រូវបានលោកមេធាវី ចាត់ទុកជាអំពើទុច្ចរិត បំភ្លៃខុសពីការពិត ជាការផ្តល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត។ លោកមេធាវី គី តិច បានស្នើសុំឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញត្តិច្បាប់និងទាមទារសងសំណងជំងឺចិត្តនៃការខូចខាតជូនគណបក្សប្រជាជនកម្ពុជាមួយលានដុល្លារអាមេរិក៕
ដោយ៖ពលជ័យ