ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមេក្លោងដឹកនាំបាតុកម្មខុសច្បាប់ឈ្មោះ ឈឹម ស៊ីថរ
ភ្នំពេញ៖ នៅទីបំផុតចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនមេក្លោងដឹកនាំបាតុកម្មខុសច្បាប់ឈ្មោះ ឈឹម ស៊ីថរ ដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្ននៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលីចូលមកកម្ពុជាវិញ។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ AMS មុននេះបន្តិចថា ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនឈ្មោះ ឈឹម ស៊ីថរ បណ្តោះអាសន្ននៅម២។
គួរឱ្យដឹងថា មេក្លោងដឹកនាំបាតុកម្មខុសច្បាប់ កញ្ញា ឈឹម ស៊ីថរ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលីចូលមកកម្ពុជាវិញ។ ការចាប់ខ្លួននេះ គឺតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក អ៊ឺម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនឈ្មោះ ឈឹម ស៊ីថរ ទៅសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកានេះថា ពិតជាមានករីឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ប្រាកដមែន ដោយខាងការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយខាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ដោយការឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ តាមដីកាឃាត់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ ពីព្រោះតុលាការបានចេញដីកាមួយឲ្យគាត់ (ឈឹម ស៊ីថរ) ស្ថិតនៅក្នុងដែន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យ បើសិនជាគ្មានការអនុញ្ញាតពីតុលាការ គឺគាត់មិនមានសិទ្ធិចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាទេ។ ករណីនេះ ដែលមានការចោទប្រកាន់កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ មួយចំនួនទាក់ទងនឹងបទញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គមជាតិ ដោយផ្តោតលើក្រមព្រហ្មទណ្ឌមាត្រា ៤៩៤ និងមាត្រា ៤៩៥ ”។
សូមជម្រាបថា ឈ្មោះ ឈឹម ស៊ីថរ មេក្លោងដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ខណៈដែលកំពុងតែដឹកនាំបាតុកម្មខុសច្បាប់នៅមុខស្ថាទូតអូស្ត្រាលី។ ការចាប់ខ្លួនពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។ គួរបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញមេដឹកនាំបាតុករធ្វើបាតុកម្មតវ៉ាខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺមានរចនាសម្ព័ន្ធអង្គការចាត់តាំងច្បាស់លាស់ដើម្បីបង្កភាពវឹកវរដល់សង្គមកម្ពុជា និងទទួលបានថវិកាពីអង្គការក្នុងស្រុក និងក្រៅប្រទេសដើម្បីធ្វើសកម្មភាព៕
ដោយ៖ពលជ័យ