ប្រជាជនអាហ្វហ្គានីស្ថានក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ នៅតែប្រឈមមុខនឹងការគំរាមកំហែងភេរវកម្ម

កាប៊ុល៖ ប្រជាជនក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្តប្រឈមមុខនឹងការគំរាមកំហែងនៃអំពើភេរវកម្មជាងមួយឆ្នាំហើយ បន្ទាប់ពីក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងប្រទេសនេះឡើងវិញ។

ក្រុមតាលីបង់បានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ បន្ទាប់ពីក្រុមខ្លួនដណ្តើមយករដ្ឋធានីកាប៊ុល ក្នុងខែសីហាឆ្នាំមុន។ ប៉ុន្តែមិនទាន់មានការបញ្ចប់នៃការវាយប្រហារភេរវកម្មពីសំណាក់ក្រុមរដ្ឋឥស្លាម និងក្រុមសកម្មប្រយុទ្ធដទៃទៀតនៅឡើយទេ។

ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីខែកញ្ញា នៅមុខស្ថានទូតរុស្ស៊ីនៅទីក្រុងកាប៊ុល បានសម្លាប់មនុស្ស៦នាក់ រួមទាំងបុគ្គលិកស្ថានទូតពីរនាក់ផងដែរ។ ហេតុការណ៍ផ្ទុះគ្រាប់បែកមួយទៀតនៅមជ្ឈមណ្ឌលអប់រំមួយកន្លែង បានសម្លាប់មនុស្ស៥៣នាក់ ក្នុងនោះមានស្ត្រី៤៦នាក់។

អតីតក្រុមសកម្មប្រយុទ្ធ ISIS បានប្រាប់សារព័ត៌មានជប៉ុន NHK ថាក្រុមនេះកំពុងព្យាយាមផ្តួលរំលំរដ្ឋាភិបាលតាលីបង់ និងទទួលបានការគាំទ្រពីសាធារណៈជន និងថា មនុស្សក្រីក្រដែលគ្មានការងារធ្វើ អាចចូលរួមជាមួយក្រុម ISIS បាន ដោយសារក្រុមនេះមានលុយ និងសម្ភារៈយោធា។

បើតាមប្រភពពីក្រុមតាលីបង់ ពួក ISIS កំពុងសម្លាប់ជនស៊ីវិល ហើយចង់ឲ្យពិភពលោកមើលឃើញអាហ្វហ្គានីស្ថានជាតំបន់គ្មានច្បាប់ ប៉ុន្តែពួកសកម្មប្រយុទ្ធទាំងនោះ នឹងត្រូវចាប់ខ្លួនយកមកកាត់ទោស។ ចំណែកអ្នកវិភាគក៏បានព្រមានដែរថា ប្រជាជននៅអាហ្វហ្គានីស្ថានអាចនឹងសម្រេចចិត្តរើសយកអាវុធ ហើយអំពើហិង្សាទំនងជាកើនឡើង នៅពេលដែលរដូវរងាចូលមកដល់ ហើយសេដ្ឋកិច្ចប្រទេសនេះក៏ធ្លាក់ចុះផងដែរ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner