លោក គីម ជុងអ៊ុន និយាយថា គោលដៅរបស់កូរ៉េខាងជើង គឺមានកម្លាំងនុយក្លេអ៊ែរខ្លាំងបំផុតរបស់ពិភពលោក

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នាថ្ងៃអាទិត្យនេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា គោលដៅចុងក្រោយរបស់ប្រទេសលោក គឺដើម្បីទទួលបាននូវកម្លាំងនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ខណៈដែលលោកបានលើកកម្ពស់មន្ត្រីយោធារាប់សិបនាក់ ដែលពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីលផ្លោងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក គីម បានត្រួតពិនិត្យការសាកល្បងមីស៊ីលឆ្លងទ្វីប Hwasong-17 ថ្មីរបស់ប្រទេសនេះ ហើយបានសន្យាថា នឹងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ជាមួយនឹងអាវុធនុយក្លេអ៊ែរនៅថ្ងៃទី១៨ ខែវិច្ឆិកាកន្លងមកនេះ។

លោកថា ការកសាងកម្លាំងនុយក្លេអ៊ែរគឺដើម្បីការពារសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់រដ្ឋ និងប្រជាជនប្រកបដោយភាពជឿជាក់ ហើយ “គោលដៅចុងក្រោយរបស់វាគឺមានកម្លាំងយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដែលជាកម្លាំងដាច់ខាតមិនធ្លាប់មានក្នុងសតវត្សន៍មកនេះ។

មន្ត្រីកូរ៉េខាងជើងបានឲ្យដឹងថា លោក គីម បាបចាត់ទុកមីស៊ីល Hwasong-17 ថា ជា អាវុធយុទ្ធសាស្ត្រខ្លាំងបំផុតរបស់ពិភពលោក ហើយបាននិយាយថា វាបង្ហាញពីការតាំងចិត្ត និងសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការកសាងកងទ័ពដ៏ខ្លាំងបំផុតរបស់ពិភពលោក៕ ប្រភពពី Rueters , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner