ប្រធានាធិបតីតៃវ៉ាន់ប្រកាសចុះចេញពីតំណែងប្រធានគណបក្សកាន់អំណាច DPP បន្ទាប់ពីបរាជ័យការបោះឆ្នោតថ្នាក់តំបន់
តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន បានប្រកាសចុះចេញពីតំណែងប្រធានគណបក្សកាន់អំណាច DPP ក្រោយចាញ់ការបោះឆ្នោតថ្នាក់តំបន់ ក្នុងថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីស្នាក់ការរបស់គណបក្ស អំពីការលាលែងជាប្រធានគណបក្ស DPP លោកស្រី សៃ បានបញ្ជាក់ថា លទ្ធផលគឺខុសពីការរំពឹងទុករបស់យើង ដូច្នេះហើយយើងទទួលយកលទ្ធផលនេះ ក៏ដូចជាទទួលយកការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់។

ការបោះឆ្នោតក្នុងថ្ងៃសៅរ៍សប្តាហ៍នេះ ដែលធ្វើឡើងដើម្បីជ្រើសរើសអភិបាលក្រុង អភិបាលស្រុក និងសមាជិកក្រុមប្រឹក្សាប្រចាំមូលដ្ឋាន គឺផ្តោតតែទៅលើបញ្ហាក្នុងស្រុកដូចជាវិបត្តិកូវីដ១៩ និងឧក្រិដ្ឋកម្មប៉ុណ្ណោះ ហើយអ្នកដែលជាប់ឆ្នោតមិនមានសិទ្ធិសម្រេចអ្វី ពាក់ព័ន្ធនឹងគោលនយោបាយចិនដោយផ្ទាល់ឡើយ។

ការបោះឆ្នោតនេះដែរ គណបក្សប្រឆាំងធំជាងគេនៅតៃវ៉ាន់គឺ គូមីនតាង (KMT) ដណ្តើមបានតំណែងអភិបាលក្រុង និងស្រុកចំនួន១៣ ក្នុងចំណោម២១ រួមទាំងនៅទីក្រុងតៃប៉ិផងដែរ ខណៈដែលគណបក្ស DPP យកបានតែ៥ប៉ុណ្ណោះ។

បច្ចុប្បន្នលោកស្រី សៃ កំពុងស្ថិតក្នុងការកាន់អំណាចនៅអាណត្តិទី២ ដូច្នេះហើយលោកស្រីនឹងមិនអាចឈរឈ្មោះជាប្រធានាធិបតីតៃវ៉ាន់ម្តងទៀតបានទេ ដោយសារតែការកំណត់អាណត្តិប្រធានាធិបតីបានត្រឹមតែពីរអាណត្តិប៉ុណ្ណោះ ៕ ប្រភព៖ AFP ដោយ៖ ទីណា និងបុត្រា

