ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តឆ្នាំ២០២២នេះ ធ្វើឡើងក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត»

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នាទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២២ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត» ប្រធានកាកបាទក្រហមកម្ពុជា នៅតែបន្តលើកទឹកចិត្ត ដល់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវផែនការសកម្មភាពដែលជាយុទ្ធសាស្ដ្រ របស់កាកបាទក្រហមកម្ពុជា។

នេះបើយោងតាមរយៈសារលិខិតរបស់ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២២ ដែលត្រូវបានអានដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននិងនាយកដ្ឋានទាំង៥នៃកាកបាទក្រហមកម្ពុជា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានី-ខេត្ត និងយុវជនកាកបាទក្រហមកម្ពុជាទទួលជ័យលាភីអន្តរជាតិ សរុបប្រមាណ ៩០នាក់។

ក្នុងសារលិខិតបានលើកឡើងថា ៖ «សូមគណៈកិត្តិយស និងគណៈកម្មាធិការសាខា-អនុសាខា បន្ដលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រជាស្មារតី ថវិកា ដល់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវផែនការសកម្មភាព ស្របតាមវិស័យអាទិភាពទាំង ៤ នៃយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា»។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្តថា អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ បន្តពង្រឹងកម្លាំងសាមគ្គីភាព សហការជាមួយ ភាគីពាក់ព័ន្ធ ធ្វើសកម្មភាពដូចភ្លៀងរលឹមក្នុងការកសាងភាពធន់សហគមន៍ និងផ្ដល់សេវាកម្ម ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ស្របតាមបាវចនា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» និង «មិនទុកនរណាម្នាក់ចោល»។

សម្ដេចបានបន្ថែមដោយបានជំរុញ និងលើកទឹកចិត្តដល់ក្មួយៗ យុវជន យុវនារី និងអ្នកស្ម័គ្រចិត្តទាំងអស់ បន្ដតាមដានដោយយកចិត្តទុកដាក់សិក្សាស្វែងយល់ ជាប្រចាំនូវចំណេះដឹងថ្មីៗ ដើម្បីបន្តចូលរួមទទួលខុសត្រូវឱ្យបានខ្ពស់ទាំងអស់គ្នាក្នុងការបន្តទប់ស្កាត់ជំងឺកូវីដ១៩ មេរោគបំប្លែងថ្មីៗ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ថា ៖ «ត្រូវលើកកម្ពស់កាត់បន្ថយហានិភ័យ និងបញ្ហាប្រឈមនានាបង្កដោយការប្រែប្រួលអាកាសធាតុ វិបត្តិភ័យនានា បញ្ហាកង្វះស្បៀងអាហារជាដើម និងសូមធ្វើជាយុវជន ជាអ្នកស្មគ្រចិត្តគំរូ ក្នុងការលើកកម្ពស់បរិស្ថានល្អ រស់នៅមានអនាម័យ លើកកម្ពស់វប្បធម៌នៃការចែករំលែក មិត្តអប់រំមិត្ត ប្រកបដោយចរិយាធម៌ សីលធម៌ល្អ និងបរិយាប័ន្ន»។

ជាមួយគ្នានោះដែរ សម្ដេចប្រធានកាកបាទក្រហមកម្ពុជារូបនេះ ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ត្រូវបន្ដនូវវប្បធម៌នៃការចែករំលែកជួយគ្នាទៅវិញទៅមក និងលើកកម្ពស់ក្តីស្រឡាញ់ការងារស្ម័គ្រចិត្តក្នុងក្រុមគ្រួសារ បងប្អូន មិត្តភក្ដិ សាច់ញាតិ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការពង្រឹងភាពធន់សហគមន៍ និងរួមវិភាគទានយ៉ាងធំធេងដល់វឌ្ឍនភាពជាតិ និងវិបុលភាពប្រជាជន។

នាឱកាសនោះដែរ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត ក៏បានលើកឡើងដែរថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺនឹងប្រែក្លាយប្រទេសឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំនូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំនូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោកថា ៖ «ដូច្នេះ ដើម្បីឈានទៅសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាយើង ក៏ដូចជាកាកបាទក្រហមកម្ពុជា បាននិងកំពុងផ្តោតលើយុវជនបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដែលនឹងក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព ជាកម្លាំងស្នូលដែលមិនអាចខ្វះបាន ដើម្បីសម្រេចបានគោលដៅរបស់ជាតិយើង ធ្វើឱ្យកូនចៅជំនាន់ក្រោយ បានរស់នៅដោយស្រួល និងដោយសេចក្តីថ្លៃថ្នូរ»។

លោកជំទាវ ពុំ ចន្ទីនី ក៏បានលើកឡើងផងដែរថា កម្លាំងអ្នកស្ម័គ្រចិត្តដែលជាប្រតិបត្តិករជួរមុខរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានកកើតឡើងចាប់តាំងពីសមរភូមិសុលហ្វេរីណូ ហើយរហូតមកដល់បច្ចុប្បន្ននេះ។

លោកជំទាវបានបន្តថា ដោយឡែកកាកបាទក្រហមកម្ពុជា បានបង្កើតបណ្ដាញអ្នកស្ម័គ្រចិត្តឡើងវិញនៅឆ្នាំ១៩៩២ និងបណ្ដាញយុវជនកាកបាទក្រហមកម្ពុជា នៅឆ្នាំ១៩៩៦ ដែលការងារពង្រឹងកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តនៅតាមសាខាគឺមានសារសំខាន់ណាស់ក្នុងប្រតិបត្តិការមនុស្សធម៌ ព្រោះថាសាខាណាដែលពូកែពង្រឹងកម្លាំងអ្នកស្ម័គ្រចិត្តនេះ គឺសាខានោះនឹងដំណើរការដោយរលូន ហើយកម្លាំងអ្នកស្ម័គ្រចិត្តទាំង២នេះ ត្រូវតែមានវត្តមានជាមួយយើងជានិច្ច ដើម្បីអភិវឌ្ឍសាខាឱ្យមានដំណើរការល្អ៕ ដោយ៖ នាង សុគន្ធា

ads banner