អតីតបេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងអគ្គលេខាធិការរងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក និងជាអតីតបេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក ឡឹក សុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
នៅក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយនេះ លោកបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ពីមូលហេតុដែលនាំឱ្យលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ។ ក្នុងនោះមានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។

«ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យ៉ង សាំង កុមារ នៅក្នុងស្នើសុំចូលរួមជីវភាពនយោបាយនោះ។ ក្រៅតែពីការធ្វើលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ លោក យ៉ង សាំង កុមារ ក៏បានធ្វើលិខិតគោរពជូនសម្តេចតេជោដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ។
ចំណែកលោក ឡឹក សុធារ បានបញ្ជាក់ពីមូលហេតុដូចលោកបណ្ឌិត យ៉ង សាំង កុមារ ផងដែរ។ មូលហេតុដែលនាំឱ្យលោកសុំចូលរួមជីវភាពនយោបាយ ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ។ ក្នុងនោះមានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។

លោក ឡឹក សុធារ បានបញ្ជាក់ក្នុងលិខិតស្នើសុំយ៉ាងដូច្នេះ «ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំ»។ ជាមួយគ្នានេះ លោក ឡឹក សុធារ ក៏បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ៕
ដោយ៖ពលជ័យ



