ថវិកាជាង ៨៦៨ លានដុល្លារត្រូវបានរដ្ឋាភិបាល ផ្តល់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩

អត្ថបទដោយ៖
CPA

ភ្នំពេញ:រាជរដ្ឋាភិបាល កម្ពុជា បាន ចំណាយ ថវិកាជាង ៨៦៨ លានដុល្លារអាមេរិក សម្រាប់ ឧបត្ថម្ភ ជាសាច់ ប្រាក់ដល់ គ្រួសារ ក្រីក្រ និង ងាយរងគ្រោះ ក្នុង អំឡុង ពេល ប្រយុទ្ធ ជាមួយនឹង ជំងឺកូវីដ១៩ ចាប់ ពី ចុងខែមិថុនា ឆ្នាំ ២០២០ មកដល់ ចុងខែវិច្ឆិកា ឆ្នាំ ២០២២នេះ ។

យោង តាមក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន ចេញ របាយការណ៍ របស់ខ្លួន កាល ពី ថ្ងៃទី ២៤ ខែវិច្ឆិកាថា រាជរដ្ឋាភិបាល បាន ដាក់ ឱ្យ អនុវត្ត ជាផ្លូវ ការ នូវ កម្មវិធី ឧបត្ថម្ភសាច់ ប្រាក់ជូន គ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុង អំឡុង ពេល ប្រយុទ្ធនឹង ជំងឺកូវីដ១៩ ចាប់ ពី ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ រហូតមកដល់ពេល នេះ មាន ចំនួន ១១ ជុំ និង ២៩ លើករួចមកហើយ។

ក្រសួង បាន ឱ្យ ដឹងទៀតថា គិត ត្រឹម ថ្ងៃទី ២៤ ខែវិច្ឆិកា ការបើក ផ្តល់ ប្រាក់ឧបត្ថម្ភ ជុំទី ១១ លើកទី១ ត្រូវ បានបញ្ចប់ ដោយ ថវិកាចំនួន ជាង ១២៥ ៤៧០ លានរៀល ត្រូវ បាន ផ្តល់ជូនគ្រួសារ ចំនួន ជាង ៧០ ម៉ឺននាក់ ដែល ក្នុងនោះ មាន គ្រួសារ ក្រី ក្រប្រភេទ១ និង ប្រភេទ២។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា ៖ «សម្រាប់ ការ បើក ផ្តល់ ប្រាក់ឧបត្ថម្ភ ជុំទី ១១ លើកទី ២ នឹងចាប់ ផ្តើម ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ ដែល មាន រយៈពេល ៣០ថ្ងៃ។ សម្រាប់ គ្រួសារ ដែល បាន ផ្ទៀងផ្ទាត់ ទាំង ២៩ លើករួចហើយ អាចទៅ បើកប្រាក់នៅតាបញ្ជរវីងណាមួយ បាន ដោយ មិនតម្រូវ ឱ្យទៅសាលាឃុំ សង្កាត់សារជាថ្មី ទៀតទេ»។

ជាមួយគ្នានេះដែរ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ទាំងអស់ កុំ មានការចាញ់បោក គណបក្ស នយោបាយ ឬជន ឆបោក មួយចំនួន ដែល បាន លើកឡើងថា រាជរដ្ឋាភិបាល នឹងធ្វើការដក បណ្ណក្រីក្រ និងបញ្ឈប់ បើកប្រាក់ដល់ គ្រួសារទទួល ផល ពី កម្មវិធី ដោយសារការប្រកាន់ និន្នាការ នយោបាយ ឬបោះឆ្នោត គាំទ្រ ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល កំពុង ដឹកនាំបច្ចុប្បន្ន។

សូមបញ្ជាក់ ផងដែរថា ទាក់ទងនឹង ការ ផ្តល់ការឧបត្ថម្ភជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនេះដែរ ក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association (ASSA) បាន ផ្តល់ពានរង្វាន់ដល់មូលនិធិជាតិជំនួយសង្គម ដោយទទួលបាន ពានរង្វាន់ឧត្តមមានុវត្តន៍ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលកូវីដ១៩ កាល ពី ថ្ងៃទី ២៤ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ នាខេត្តហ្លួងព្រះបាង ប្រទេសឡាវ។

ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បាន ឱ្យដឹងថា ពានរង្វាន់ឧត្តមមានុវត្តន៍ គឺជាពានរង្វាន់របស់សមាគមសន្តិសុខសង្គមអាស៊ាន ដែលផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាលជូនចំពោះបណ្តាប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ ដែលបានបំពេញការងារប្រកបដោយភាពជោគជ័យលើឧត្តមភាពនៃការផ្តល់សេវាគាំពារសង្គមជូនដល់ប្រជាពលរដ្ឋតាមប្រទេសនីមួយៗ៕
ដោយ:នាង សុគន្ធា

ads banner