ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្ដរក្រសួង បន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាងធិការ និងអនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍ថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ានេះបានធ្វើឡើងចំនួន ៤លើករួចមកហើយ ដោយអង្គប្រជុំបានពិនិត្យ និងពិភាក្សាសម្រេចបាន ចំនួន ៣ជំពូក រួមមានជំពូកទី១ ទី២ និងទី៣ នៃសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា ហើយកិច្ចប្រជុំថ្ងៃនេះនឹងបន្តពិនិត្យពិភាក្សាលើជំពូកទី៤ ដល់ជំពូកទី៧ជាបន្តទៀត។
សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា មានចំនួន ១០ជំពូក និង ២៦មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ប៊ុន ហុន បន្តថា ក្រុមការងារនេះមានភារកិច្ចសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន បម្រើឱ្យការរៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ៕ ដោយ-រ៉ាវុធ


