សហរដ្ឋអាមេរិក អនុម័តការលក់សព្វាវុធមានតម្លៃ ១ពាន់លានដុល្លារឱ្យកាតា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តហើយលើកិច្ចព្រមព្រៀងទិញ-លក់សព្វាវុធ ដែលបានពន្យារពេលយូរជាមួយប្រទេសកាតា ដោយយល់ព្រមផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ានេះ ជាមួយនឹងយន្តហោះដ្រូនធុន (UAVs) ដែលមានតម្លៃ ១ពាន់លានដុល្លារ។
ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ការលក់យន្តហោះដ្រូន UAV នេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស ក៏ដូចជាគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយកែលម្អសន្តិសុខនៃប្រទេសជាមិត្ត ដែលបន្តជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅតំបន់មជ្ឈិមបូព៌ា។
ទន្ទឹមគ្នា ក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកនឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់កាតា ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត។
គួរបញ្ជាក់ថា ការទិញ-លក់ខាងលើនេះ ក្នុងនោះរួមមានប្រព័ន្ធយន្តហោះដ្រូនដ៏ទំនើបចំនួន ១០គ្រឿង និងឧបករណ៍ស្ទាក់ចាប់យន្តហោះដ្រូនចំនួន ២០០គ្រឿង រួមទាំងឧបករណ៍ពាក់ព័ន្ធ។ កាតាបានដាក់សំណើរបស់ខ្លួនសម្រាប់ការបញ្ជាទិញយន្តហោះដ្រូនធុន UAV រួមទាំងយន្តហោះដ្រូនធុន MQ-9 នៅឆ្នាំ ២០២០៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា