ប្រទេសអឺរ៉ុបជំរុញណាតូអនុញ្ញាតឱ្យអ៊ុយក្រែនប្រើសព្វាវុធលោកខាងលិចវាយប្រហារលើរុស្ស៊ី
ព្រុចសែល៖ រដ្ឋមន្ត្រីការបរទេសឡាតវី លោក Edgars Rinkevics បានជំរុញឱ្យអង្គការណាតូ អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់សព្វាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចរបស់ខ្លួន សម្រាប់ការវាយប្រហារទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Bloomberg នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអង្គការណាតូ នៅទីក្រុងប៊ុយចារ៉េស ក្នុងថ្ងៃអង្គារសប្តាហ៍នេះ លោក Rinkevics បានលើកឡើងថា សព្វាវុធលោកខាងលិចដែលផ្តល់ឱ្យអ៊ុយក្រែន គួរតែបានប្រើប្រាស់ ដើម្បីវាយប្រហារទីតាំងដែលរុស្ស៊ីប្រើ សម្រាប់ការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន។
ស្របពេលដែលរុស្ស៊ីបានព្រមានលោកខាងលិចម្តងហើយម្តងទៀត ប្រឆាំងនឹងការផ្គត់ផ្គង់សព្វាវុធចម្រុះដល់អ៊ុយក្រែន ដោយលើកឡើងថា អាកប្បកិរិយាបែបនេះ អាចបណ្តាលឱ្យមានជម្លោះដោយផ្ទាល់រវាងសម្ព័ន្ធមិត្តណាតូ និងរុស្ស៊ីនោះ លោក Rinkevics បានច្រានចោលការព្រួយបារម្ភបែបនេះ។
ប្រមុខការទូតឡាតវីរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ថា ប្លុកនេះមិនគួរភ័យខ្លាចការកើនឡើងជម្លោះនោះទេ ព្រោះឡាតវី រួមជាមួយនឹងរដ្ឋបាល់ទិកផ្សេងទៀត ស្ថិតក្នុងចំណោមអ្នកគាំទ្រដែលមានសំលេងច្រើនជាងគេរបស់ទីក្រុងកៀវ នៅក្នុងជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា