កងទ័ពអវកាសអាមេរិកបង្កើតប្រព័ន្ធប្រកាសអាសន្នជាមុន សម្រាប់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
វ៉ាស៊ីនតោន៖ កងកម្លាំងអវកាសរបស់សហរដ្ឋអាមេរិកកំពុងធ្វើការលើការបង្កើតប្រព័ន្ធប្រកាសអាសន្នជាមុន សម្រាប់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដែលមេបញ្ជាការកំពូលមួយរូបបានជឿជាក់ថា នឹងបង្កើនការឃ្លាំមើលបន្ថែមទៀត បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលជាច្រើនដោយទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ២០២២នេះ។
ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាមួយ ដែលធ្វើឡើងដោយវិទ្យាស្ថាន Mitchell Institute for Aerospace Studies មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ ប្រធានបញ្ជាការដ្ឋានអវកាសអាមេរិក លោកឧត្តមសេនីយ៍ James Dickinson បានគូសបញ្ជាក់អំពីផែនការរបស់សេវាកម្មនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាទីដែលខ្លួនបង្កើតអង្គភាពបញ្ជាការសមាសភាគលើកដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន។
លោកបាននិយាយយ៉ាងដូច្នេះថា យើងកំពុងសម្លឹងមើលពីរបៀបដែលយើងរួមបញ្ចូលស្ថាបត្យកម្មឧបករណ៍ចាប់សញ្ញា ដែលផ្តល់ឱ្យយើងនូវការព្រមានជាមុនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ទាក់ទងនឹងប្រភេទនៃសកម្មភាពមីស៊ីលណាមួយចេញពីទឹកដីកូរ៉េខាងជើង។ បន្ទាប់មកសហរដ្ឋអាមេរិកនឹងចែករំលែកព័ត៌មាននេះ ជាមួយដៃគូក្នុងតំបន់ និងសម្ព័ន្ធមិត្ត ក៏ដូចជាការស្វែងរកមធ្យោបាយ។
ការសម្រេចចិត្តពង្រីកវត្តមានកងកម្លាំងអវកាសទៅក្នុងតំបន់អាស៊ីកើតខាងលើនេះ កើតឡើងចំពេលមានភាពតានតឹងខ្លាំងក្នុងតំបន់។ តួយ៉ាង សមយុទ្ធយោធារវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនាពេលថ្មីៗនេះ បានធ្វើឱ្យកូរ៉េខាងជើងសងសឹកវិញ ដោយការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់។
មួយវិញទៀត គឺរឿងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលធ្វើឱ្យចិនមានការខឹងសម្បារជាខ្លាំង ហើយសងសឹកវិញ ដោយការធ្វើសមយុទ្ធទ្រង់ទ្រាយធំ៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា