រដ្ឋាភិបាល៖ ការចែកពូជស្រូវជូនប្រជាជន ដើម្បីស្តារផលិតកម្មឡើងវិញ រួមចំណែកធានាដល់សន្តិសុខស្បៀងគ្រួសារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការគាំទ្រសកម្មភាពរាជរដ្ឋាភិបាលចែកគ្រាប់ពូជជូនកសិករ ដែលរងគ្រោះដោយទឹកជំនន់ ដើម្បីជួយស្តារផលិតកម្មស្រូវឡើងវិញថា ពិតជាចំណែកដ៏សំខាន់មួយ សំដៅបន្តធានាសន្តិសុខស្បៀងគ្រួសារកសិករកម្ពុជា។

តាមរយៈ កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភកាលពីថ្ងៃទី៣០ ខែវិច្ឆិកា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឯកឧត្តម ឌិត ទីណា បានលើកឡើងថា កម្ពុជាបានអភិវឌ្ឍខ្លួនចេញពីប្រទេសដែលខ្វះស្បៀង មកជាប្រទេសកសិកម្មកាន់តែទំនើប មានសន្តិសុខស្បៀងកាន់តែរឹងមាំ និងឈានដល់ការនាំចេញស្បៀងមួយចំនួនធំទៀតផង។

លោកបានថ្លែងថា ៖ «ថ្មីៗនេះ ការប្រែប្រួលអាកាសធាតុ និងទឹកជំនន់បានបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខស្បៀងគ្រួសារ ដូច្នេះហើយ រាជរដ្ឋាភិបាលបានចែកគ្រាប់ពូជជូនប្រជាជនដែលរងផលប៉ះពាល់ ដើម្បីជួយស្តារផលិតកម្មស្រូវឡើងវិញ សំដៅបន្តធានាសន្តិសុខស្បៀងគ្រួសារ និងអាហាររូបត្ថម្ភគ្រួសារឱ្យបានពេញលេញ»។

លើសពីនេះទៀត រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ បានអះអាងដែរថា ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលបានធ្វើឱ្យកម្រិតជីវភាពកាន់តែប្រសើរឡើងប្រជាជនកម្ពុជាមានការយល់ដឹង និងយកចិត្តទុកដាក់កាន់តែច្រើនជាងមុនលើកត្តាសុខភាព និងអនាម័យ ដោយបានផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅ និងការទទួលទានបានយ៉ាងច្រើន និងឈានដល់ការទទួលទានអាហារដែលផ្តល់អាហារូបត្ថម្ភខ្ពស់ ដូចជាទឹកដោះគោជាដើម ដែលជាចំណុចមួយគួរឱ្យកត់សម្គាល់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកយល់ថា ដើម្បីដាក់ចេញនូវវិធានការអនុវត្តឱ្យមានប្រសិទ្ធភាព លោកក៏ស្នើឱ្យពិនិត្យ ពិភាក្សា និងវាយតម្លៃឱ្យបានច្បាស់ និងគ្រប់ជ្រុងជ្រោយលើស្ថានភាពជាក់ស្តែងដែលជាកត្តាកំណត់ជោគជ័យនៃការងារ តាមរយៈការអប់រំ ការជួយកែប្រែទម្លាប់ និងការបន្តការផ្សព្វផ្សាយឱ្យប្រជាជនមានការយល់ដឹងកាន់តែទូលំទូលាយ ពីទម្លាប់រស់នៅ និងការទទួលទានដោយអនាម័យ គឺជាចំណែកមួយដ៏សំខាន់ឈានទៅជំរុញវិស័យសុខស្បៀងគ្រួសារ និងអាហាររូបត្ថម្ភគ្រួសារប្រជាជនងាយរង់គ្រោះផងដែរ។

ទន្ទឹមការលើកឡើងខាងលើឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានថ្លែងដែរថា រាជរដ្ឋាភិបាល បានកំណត់គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលទាមទារឱ្យមានការចូលរួមផងដែរពីវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់កម្ពុជាឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នាឆ្នាំ២០៥០។

លោកបានបង្ហាញការគាំទ្រចំពោះ យុទ្ធសាស្ត្រចែកគាប់ពូជដល់ប្រជាជនរង់ផងប៉ះពាល់ដោយគ្រោះធម្មជាតិ របស់រដ្ឋាភិបាលនាពេលកន្លងមក ព្រោះយុទ្ធសាស្ត្រមិនត្រឹមតែផ្តល់លទ្ធភាពស្តារផលិតកម្មឡើងវិញប៉ុណ្ណោះទេ យុទ្ធសាស្ត្រនេះក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមថែមទៀត។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា គ្រោះទឹកជំនន់ឆ្នាំនេះ ប៉ះពាល់ខេត្តជាច្រើននៅតាមបណ្តោយដងទន្លេមេគង្គ និងខេត្តនៅជុំវិញបឹងទន្លេសាប។ ខេត្តរងផលប៉ះពាល់ធ្ងន់ជាងគេ គឺមានខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ និងខេត្តពោធិ៍សាត់។

ទឹកជំនន់ឆ្នាំនេះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងនាពេលចុះជួបប្រជាពលរដ្ឋតាមបណ្តាខេត្តរងគ្រោះថា នៅភូមិសាស្ត្រមួយចំនួន កសិករបានធ្វើស្រូវដើមរដូវដែលជាស្រូវវស្សា ហើយស្រូវវស្សាទាំងនោះក៏ត្រូវបានលិចលង់ខូចខាតដោយទឹកជំនន់ជាជំនន់មេគង្គក្ដី និងជំនន់ទឹកភ្លៀងក្ដី។ ប៉ុន្តែ នៅឆ្នាំនេះជំនន់ទឹកភ្លៀងបានវាយលុកស្ទើរគ្រប់ទីកន្លែងទាំងអស់ហើយឥឡូវនេះ ការចែកពូជស្រូវរបស់រាជរដ្ឋាភិបាលមិនជាយឺតនោះទេ។

លោកបានបន្តថា ហេតុនេះ ដើម្បីជួយដោះស្រាយដល់ការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ រាជរដ្ឋាភិបាល ក៏បង្កើតបេសកកម្មចែកពូជស្រូវដល់ប្រជាជនរង់ផលប៉ះពាល់ ដើម្បីជួយស្តារផលិតកម្មឡើងវិញ ដើម្បីរួមចំណែកធានាដល់សន្តិសុខស្បៀងគ្រួសារ និងបង្កើនជីវភាពគ្រួសារកសិករកម្ពុជាផងដែរ។

កាលពីចុងខែតុលាកន្លងទៅនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបិទបញ្ចប់បេសកកម្មចុះចែកពូជស្រូវចំនួនជិត ៤ ០០០ តោន ដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ចំនួនជិត ៤ ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួន ៦ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបេសកកម្មនេះមានរយៈពេលប្រមាណ មួយសប្តាហ៍។

ខេត្តទាំងនោះ រួមមានខេត្តបន្ទាយមានជ័យ មានជាង ៥ ០០០ គ្រួសារ បាត់ដំបងជាង ១ ម៉ឺនគ្រួសារ ពោធិ៍សាត់ជាង ៥ ពាន់គ្រួសារ កំពង់ឆ្នាំងជាង ៣ ០០០ គ្រួសារ កំពង់ធំជិត ៧ ០០០ គ្រួសារ និងព្រៃវែងជាង ៦ ០០០ គ្រួសារ។ កន្លងមក តាមរយៈការចែកគ្រាប់ពូជនេះដែរ ត្រូវបានប្រជាកសិករគ្រោះ ស្ថាប័នពាក់ព័ន្ធ និងសហព័ន្ធស្រូវអង្ករកម្ពុជាបានសំដែងនូវការគាំទ្រសកម្មភាពរាជរដ្ឋាភិបាលផងដែរ៕
ដោយ៖បូរ ពេជ្រហ្សាលីន

ads banner