សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិចូលរួមទាំងអស់គ្នា ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥
ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបង្ហាញពីមោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍បានល្អប្រសើរផងដែរ ដោយលោកស្រីក៏បានធ្វើការអំពាវនាវដល់ជនរួមជាតិទាំងអស់ចូលរួមទាំងអស់គ្នា ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកឡើងដូចនេះ តាមរយៈសារលិខិត ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ដើម្បីទាក់ទាញការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់រូប បន្តការប្រុងប្រយ័ត្នកាន់តែខ្លាំង ជាពិសេសយុវជនយុវនារី ក្នុងការបង្ការទប់ស្កាត់ការ ចម្លងមេរោគអេដស៍។
សម្ដេចបានឱ្យដឹងថា ៖ «ខ្ញុំមានមោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍ បានល្អប្រសើរ ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ដែលបានផ្តល់ថ្នាំ និងប័ណ្ណសមធម៌ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍, ធ្វើឱ្យអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ រាប់ម៉ឺននាក់មានសុខភាពល្អ, មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ, ស្មើមុខស្មើមាត់, ពុំមានការរើសអើង ក្នុងសង្គមជាតិ»។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជាផងដែរនោះ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននៅលើពិភពលោកមានអ្នកឆ្លងថ្មីជាង ៤ពាន់នាក់ ក្នុងមួយថ្ងៃ ចំណែកកម្ពុជា មានអ្នកឆ្លងថ្មីប្រមាណ ៣នាក់ ក្នុងមួយថ្ងៃ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានអំពាវនាវឱ្យជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិ តែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមាន សមភាពនៅក្នុងសង្គមជាតិ។
សម្ដេចបានបន្ថែមថា ៖ «សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្ដីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង»។
ជាមួយគ្នានោះដែរ លោកស្រីក៏ស្នើឱ្យប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជនជាដើម ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាល បន្តបានទាន់ពេលវេលា។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានសង្កត់ធ្ងន់ថា ៖ «សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ហើយអ្នកដែលស្ថិតក្នុងក្រុមប្រឈមខ្ពស់ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត»។
ឯកឧត្តម អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំតាមបណ្តាញវីដេអូ (Zoom) ស្តីពីរបាយការណ៍ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២២ ដែលផ្តោតសំខាន់លើ «វិសមភាពដ៏គ្រោះថ្នាក់» ការដាក់ឱ្យដំណើរការក្នុងតំបន់ពីរបាយការណ៍នៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដោយអង្គការ UNAIDS។
ឯកឧត្តមបានលើកឡើងថា ប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ ទំនងជាមិនទាន់សម្រេចគោលដៅ៩៥ ទីមួយ ដោយសារតែសម្រេចបានត្រឹមតែ ៨៤% ប៉ុណ្ណោះ ដែលនេះក៏ដោយសារតែក្នុងរយៈពេលពីរឆ្នាំចុងក្រោយ កម្ពុជាត្រូវរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា ៖ «កម្រឹតនៃកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំកម្មវិធីបង្ការសម្រាប់ប្រជាជនគន្លឹះដែលមានហានិភ័យខ្ពស់ គឺនៅមិនទាន់គ្រប់គ្រាន់ ដើម្បីកាត់បន្ថយចំនួននៃការឆ្លងថ្មី មកតិចជាង ឬស្មើ៣៦៥ ករណីក្នុងមួយឆ្នាំ ហើយចំណុចមួយទៀតនោះគឺការវិនិយោគខាងផ្នែកបង្ការនៅមានកម្រឹត»។
នាទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំនេះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសាទរចំពោះសមិទ្ធផលដែលកម្ពុជាទទួលបានក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដែលមានចំណុចសំខាន់ៗជាច្រើន ក្នុងនោះកម្ពុជាត្រូវបានទទួលស្គាល់ថាមានអត្រាគ្របដណ្ដប់សេវាព្យាបាល ថែទាំអ្នកជំងឺអេដស៍ខ្ពស់ជាង គេនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក គឺខ្ពស់ជាងប្រទេសធំៗដូចជា ចិន ឥណ្ឌា ថៃ និងប្រទេសវៀតណាម។
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៦៣ ៦១០នាក់ បានកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់ពីមន្ទីរពេទ្យរដ្ឋ ហើយក្នុងនោះអ្នកផ្ទុក មេរោគេអដស៍ ចំនួន ៦ ៦១៧នាក់ បានទទួលបានប័ណ្ណមូលនិធិសមធម៌ផងដែរ៕
ដោយ៖នាង សុគន្ធា