ស្ថានភាពបង្កបង្កើន ផលស្រូវរបស់កសិករ នៅបន្ទាយមានជ័យ លូតលាស់ល្អ បន្ទាប់ទទួលស្រូវពូជសម្តេចតេជោ ហ៊ុន សែន
បន្ទាយមានជ័យ៖ ស្ថានភាពបង្កបង្កើនផលស្រូវបង្កើនរដូវរបស់កសិករនៅបន្ទាយមានជ័យលូតលាស់ល្អ បន្ទាប់ពីទទួលស្រូវពូជ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមកដាំដុះ ខណៈខេត្តនេះទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយទឹកជំនន់កន្លងមក ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងដូច្នេះ ពេលចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងបងប្អូនប្រជាកសិករដែលបានទទួលស្រូវពូជ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់ស្តារឡើងវិញមានដើមដងល្អណាស់ ស្ថានភាពទឹកគ្រប់គ្រាន់ដើម្បីស្រោចស្របស្រូវឱ្យបានតាមផែនការនៅវាលស្រែឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រជាកសិករដែលទទួលបានស្រូវពូជ បង្ករបង្កើនផលស្រូវស្តារឡើងវិញ បានសម្តែងការរីករាយ និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ពូជស្រូវដើម្បីស្តារឡើងវិញនេះ ស្របពេលនៃរដូវធ្វើបណ្តេញទឹកសម្រកចុះ ។ គាត់បានរៀបរាបថា ស្រូវពួកគាត់បានបង្ករបង្កើនផល មានរយៈពេលជាង ១ខែហើយ មានដើមដងល្អមានទឹកស្រោចស្របគ្រប់គ្រាន់ ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រាប់ថា ក្រោយពេលសម្តេចបានប្រគល់ពូជស្រូវ ក្នុងនាមមន្ត្រីជំនាញបានចុះណែនាំបង្ហាត់បង្ហាញពីនីតិវិធីបច្ចេកទេស នៃការដាំដុះស្រូវឲ្យបានល្អ ដើម្បីបានទិន្នផលខ្ពស់ កាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ប្រកបដោយប្រសិទ្ធិភាព ។
លោកបានបន្តឲ្យដឹងថា ប្រជាពលរដ្ឋដែលទទួលបានស្រូវពូជប្រមាណ ៥០០០គ្រួសារ ស្មើនឹង ៥០០តោន បូករួមនឹងស្រូវពូជបម្រុងរបស់គាត់ផងនោះ រហូតមកទល់ពេលនេះ
ការបង្ករបង្កើនផលឡើង បានប្រមាណជាង ៩០%ហើយ នៅសប្តាហ៍ក្រោយនឹងគ្រប់តាមផែនការនៃផ្ទៃដីស្រុក ក្រុងដែលមានការបង្ករបង្កើនផលស្រូវរដូវទឹកស្រកចុះនេះ ៕ ដោយ ៖ ឃិន គន្ធា