ករណីជំងឺគ្រុនឈាម នៅស៊ូដង់ មានលើសពី ៤,០០០នាក់
ខារទូម៖ ក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា ចំនួនករណីជំងឺគ្រុនឈាមសរុប នៅក្នុងប្រទេសស៊ូដង់បានកើនឡើងលើសពី ៤.០០០នាក់ហើយ ខណៈដែលប្រទេសស្ថិតក្នុងទ្វីបអាហ្រ្វិកមួយនេះ កំពុងតស៊ូដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ក្រសួងបានអះអាង តាមរយៈរបាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ សប្តាហ៍នេះថា “មានករណីជំងឺគ្រុនឈាមចំនួន ៤,១០៤ ករណី រួមទាំងករណីថ្មីៗ ៥១៦នាក់ និងមានមនុស្សស្លាប់២៩នាក់ ដោយបន្ថែមថា ជំងឺនេះបានរីករាលដាលនៅក្នុងរដ្ឋចំនួន៩ របស់ស៊ូដង់។
លោក Montasir Mohamed Osman ប្រធានផ្នែកសង្គ្រោះបន្ទាន់ផ្នែកសុខភាព និងការគ្រប់គ្រងការរាតត្បាតនៃក្រសួងសុខាភិបាលស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរីករាលដាលនៃជំងឺគ្រុនឈាមត្រូវបានសន្មតថាមកពីភ្លៀងធ្លាក់ខ្លាំង និងកង្វះការផ្គត់ផ្គង់សំខាន់ៗដូចជាថ្នាំសម្លាប់សត្វល្អិត និងមុង ខណៈមេរោគគ្រុនឈាមឆ្លងទៅមនុស្ស តាមរយៈមូសខាំ។
ស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ឬប្រហែល ៤ ពាន់លាននាក់ រស់នៅក្នុងតំបន់ដែលមានហានិភ័យនៃជំងឺគ្រុនឈាម។នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយ កាលពីខែវិច្ឆិកា អង្គការសហប្រជាជាតិបានព្រមានអំពីនិន្នាការកើនឡើងនៃករណី ជំងឺកញ្ជ្រឹល ជំងឺគ្រុនឈាម និងជំងឺរលាកថ្លើមប្រភេទ E នៅក្នុងប្រទេសស៊ូដង់ ដោយហៅការផ្ទុះឡើងនៃជំងឺឆ្លងទាំងនេះថា ជាកង្វល់ដ៏ធំមួយ ៕ ប្រភពពី ស៊ីនហួរ, ដោយ៖ សារ៉ាត