គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចងខ្សែហ៊ុមព័ទ្ធមិនអនុញ្ញាតឱ្យអាជីវករលក់ដូរឬចតរុឺម៉កនៅចិញ្ចើមផ្លូវលេខ២៣០ និងរបងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក្រោមការបញ្ជារបស់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានចុះចាត់វិធានការដល់អាជីវករលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវ និងរុឺម៉កជួលដឹកបន្លែផ្លែឈើចតលើផ្លូវលេខ២៣០ របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដើមគខណ្ឌទួលគោក រាជធានីភ្នំពេញ ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ ដើម្បីសោភណភាព សណ្ដាប់ធ្នាប់ តាមដងផ្លូវនៅតំបន់នោះផងដែរ។
បេីតាមមន្រ្តីសាលាខណ្ឌទួលគោកបានឱ្យដឹងថា ចំពោះកំណាត់ផ្លូវលេខ២៣០ ដែលអាជ្ញាធរបានហ៊ុមព័ទ្ធខ្សែ គឺពេលថ្ងៃមិនអនុញ្ញាតឱ្យអាជីវករលក់ដូរឬចតរុឺម៉កដឹកបន្លែផ្លែឈើនៅលើផ្លូវបន្តទៀតឡើយ។ ដោយឡែកនៅពេលយប់អាជ្ញាធរអនុញ្ញាតឱ្យអាជីវករលក់ដូរបន្លែផ្លែឈើ ជាបណ្ដោះអាសន្នតែធ្វើយ៉ាងណានៅវេលាម៉ោង៦ព្រឹកត្រូវសម្អាតនិងរើឱ្យស្អាតវិញ រហូតដល់ផ្សារបន្លែនៅលើប្រឡាយបឹងសាឡាងសាងសង់រួច បងប្អូនអាជីវករនឹងផ្លាស់ទៅលក់នៅទីនោះ។ បន្ថែមទៀតនោះកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌក៏នៅប្រចាំការជាប់នៅគោលដៅកំណាត់ផ្លូវនេះផងដែរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ ក្នុងករណីមានអាជីវករ ឬរុឺម៉កនៅតែបន្តចត អាជ្ញាធរនឹងដកហូតយកទៅសាលាខណ្ឌដើម្បីរក្សាទុក ចាត់ការតាមនីតិវិធី។
គួររំលឹកផងដែរ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងនោះ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ៕ ដោយ ៖ ប៊ុន ធី និងភារ៉ា