មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធានគណៈមេប្រយោគមណ្ឌលសំណេរ
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌលសំណេរ ដើម្បីណែនាំពីបច្ចេកទេស ការផ្តល់នូវអនុសាសន៍សំខាន់ៗ ការណែនាំពីតួនាទី ភារកិច្ច គណៈមេប្រយោគទាំងអស់សម្រាប់ដំណើរការសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថាការប្រឡងដំណើរការដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងអនុវត្តតាមវិធានការណ៍សុខភាពដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន និងបង្កភាពងាយស្រួលដល់ប្អូនៗសិស្សានុសិស្សដែលជាបេក្ខជនប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៧៕ ដោយ-រ៉ាវុធ