រយៈពេល ៩ខែ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដីបានផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួន ៣.១៧៦គម្រោង មានទុនវិនិយោគប្រមាណ ១.៩៦៣លានដុល្លារ

ភ្នំពេញ៖ រយៈពេល ៩ខែ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួន ៣.១៧៦គម្រោង មានទុនវិនិយោគប្រមាណ ១.៩៦៣លានដុល្លារ ក្នុងនោះបានផ្ដល់លិខិតអនុញ្ញាតសាងសង់គម្រោងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីចំនួន ២០គម្រោង, បានផ្តល់លិខិតអនុញ្ញាតសាងសង់គម្រោងអគារខ្ពស់ៗចាប់ ៥ជាន់ឡើងមានចំនួន ៩៨គម្រោង ស្មើនឹង ១០០អគារ ដែលក្នុងនោះ នៅ រាជធានីភ្នំពេញមានចំនួន ៦៣គម្រោង ខេត្តព្រះសីហនុមានចំនួន ១១គម្រោង, ខេត្តបន្ទាយមានជ័យមានចំនួន ១២គម្រោង និងនៅតាមបណ្តាខេត្តផ្សេងៗមានចំនួន ១២គម្រោង។

របាយការណ៍ខាងលើនេះត្រូវបានឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្តី បង្ហាញឱ្យដឹងក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២២ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ទី០៣ ខែធ្នូ ឆ្នាំ២០២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ឯកឧត្តម លាង មុនីរិទ្ធ បន្តថា រយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជាមានកំណើនទៀងទាត់ និងនៅតែបន្តរីកចម្រើនជាលំដាប់ ពិសេសការសាងសង់សំណង់ធំៗខ្ពស់ៗ ដូចជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ និងឃ្លាំង។ល។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ការតាំងពិព័រណ៍នេះ បានបង្ហាញអំពីសញ្ញាណវិជ្ជមាន ការជឿជាក់លើសក្តានុពលកម្ពុជា និងដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ដែលនៅតែមានតម្រូវការខ្ពស់ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២២ ប៉ានស្មានក្នុងរង្វង់ ៤,៥% ប្រកបដោយបរិយាប័ន្ន និងសមធម៌ និងក៏ជាសកម្មភាពនៃការចូលរួមចំណែករបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងជម្រុញកំណើន ដើម្បីកម្ពុជាអាចឈានទៅសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ជាមួយគ្នានេះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា មានប្រសាសន៍ថា ការរៀបចំឡើងវិញនូវការតាំងពិព័រណ៍ឧស្សហកម្មសំណង់កម្ពុជា-អន្តរជាតិក្នុងឆ្នាំនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនដែលមានផលិតផលសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់ទំនើបៗ ដែលមានគុណភាពល្អ និងទើបបាននាំចូលថ្មីៗសម្រាប់ដាក់តាំងបង្ហាញក្នុងកម្មវិធីនេះ ដើម្បីជម្រុញនូវការលក់ និងផ្សព្វផ្សាយជូនវិនិយោគិន និងអ្នកអភិវឌ្ឈន៍ដែលជាអ្នកមានធុរកិច្ចលើវិស័យសំណង់ និងអចលនទ្រព្យក្នុងស្រុក ក្រោយពេលដែលរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការប្រទេសឡើងវិញ និងកំពុងធ្វើការស្តារសេដ្ឋកិច្ចជាតិ ឡើងវិញនោះ។

អ្នកឧកញ៉ា ពុង ឃាវសែ ក្នុងនាមសមាគមអ្នកសាងសង់កម្ពុជា បានធ្វើការអំពាវនាវ និង ណែនាំដល់អ្នកសាងសង់ អ្នកអភិវឌ្ឍន៍ អ្នកវិនិយោគវិស័យសំណង់នៅកម្ពុជាទាំងអស់ សូមធ្វើការគោរពច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិនានាឱ្យបានត្រឹមត្រូវ ហើយអ្នកដែលផ្គត់ផ្គង់សម្ភារៈ និងបរិក្ខារគ្រឿងចក្រសំណង់ទាំងអស់ សូមធ្វើការផលិត និងនាំចូលតែសម្ភារៈ បរិក្ខារ និងគ្រឿងចក្រសំណង់ណាដែលមានគុណភាពល្អ និងស្ដង់ដា ព្រមទាំងបច្ចេកវិទ្យាទំនើបៗ ដើម្បីធានាគុណភាពសំណង់ និងសុវត្ថិភាពដល់អ្នកប្រើប្រាស់សំណង់៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner