ណាតូព្រួយបារម្ភពីហានិភ័យ ជុំវិញការពឹងផ្អែកលើចិនច្រើនពេក
ប៊ុយការ៉េស៖ មេដឹកនាំអង្គការណាតូមានការព្រួយបារម្ភអំពីហានិភ័យ ជុំវិញការពឹងផ្អែកលើប្រទេសចិនច្រើនពេក។ នោះជាការលើកឡើងដ៏ធំមួយ ពីកិច្ចប្រជុំរបស់ប្រមុខការទូតណាតូ។
រដ្ឋមន្ត្រីការបរទេសណាតូបានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃក្នុងទីក្រុងប៊ុយការ៉េស ប្រទេសរ៉ូម៉ានី ក្នុងថ្ងៃពុធទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយពួកគេបានទទួលស្គាល់ថា សម្ព័ន្ធភាពរបស់ពួកគេប្រមូលផ្តុំទាំងអឺរ៉ុប និងអាមេរិកខាងជើង ប៉ុន្តែបាននិយាយថា ការគំរាមកំហែងដែលពួកគេប្រឈមគឺធំធេងណាស់។
ប្រមុខការទូតរបស់អង្គការណាតូក៏មានការមិនសប្បាយចិត្ត ចំពោះមហិច្ឆតាយោធារបស់ចិនផងដែរ។ ជាមួយគ្នានេះ អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូធិនប៊ឺគ បាននិយាយថា ជាការពិតណាស់ យើងនឹងបន្តធ្វើពាណិជ្ជកម្ម និងធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសចិន។
ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនរបស់ពួកយើង ក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់យើង និងគ្រប់គ្រងហានិភ័យ។
សូមរម្លឹកថា មេដឹកនាំណាតូបានព្រមព្រៀងគ្នាកាលពីខែមិថុនាថា គោលនយោបាយរបស់ចិន បានប្រជែងនឹងផលប្រយោជន៍សន្តិសុខ និងតម្លៃរបស់ពួកគេ។ ហើយឥឡូវនេះ ពួកគេបាននិយាយថា ពួកគេបានបើកភ្លែកមើលឃើញច្បាស់ពីហានិភ័យ ពាក់ព័ន្ធនឹងការពឹងផ្អែកលើប្រទេសចិនច្រើនពេក សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា