វិមានក្រឹមឡាំងគូសវាសលក្ខខណ្ឌសម្រាប់កិច្ចចរចាជាមួយអ៊ុយក្រែន
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ ថ្លែងថា ការចរចាសន្តិភាពអាចចាប់ផ្តើមបាន តែរវាងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះ ប្រសិនបើទីក្រុងម៉ូស្គូមើលឃើញ “ឆន្ទៈនយោបាយ” ពិតប្រាកដរបស់ទីក្រុងកៀវ ដើម្បីចូលរួមកិច្ចសន្ទនា។
នៅពេលសួរដោយអ្នកកាសែតរុស្ស៊ីក្នុងថ្ងៃអង្គារសប្តាហ៍នេះ ថាតើមានលក្ខខណ្ឌជាមុនសម្រាប់ការសន្ទនាដែលមានសក្តានុពលណាមួយ ដើម្បីចាប់ផ្តើមរវាងរុស្ស៊ី និងអ៊ុយក្រែននោះ លោក ប៉េសស្កូវ បានឆ្លើយតបថា វាត្រូវតែមានឆន្ទៈនយោបាយក្នុងការត្រៀមខ្លួន ដើម្បីពិភាក្សាអំពីការទាមទាររបស់រុស្ស៊ីដែលត្រូវបានគេដឹងឮជាយូរមកហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សលេនស្គី បានថ្លែងតាមរយៈតំណភ្ជាប់វីដេអូក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលីរបស់ឥណ្ឌូនេស៊ី កាលពីពាក់កណ្តាលខែវិច្ឆិកាថា នឹងមិនមានកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ទី៣ (Minsk-3) ដែលរុស្ស៊ីនឹងបំពានភ្លាមៗបន្ទាប់ពីការផ្សារភ្ជាប់វានោះទេ។
ប្រមុខរដ្ឋអ៊ុយក្រែនរូបនេះ បានសំដៅទៅដល់កិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ទី១ និងទី២ ដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំងកាលពីឆ្នាំ ២០១៤ និង ២០១៥ដាច់ដោយឡែកពីគ្នា។
ចំណែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីការបរាជ័យរបស់អ៊ុយក្រែន ក្នុងការអនុវត្តកិច្ចព្រមព្រៀងខាងលើថា ជាហេតុផលមួយសម្រាប់ការចាប់ផ្តើមយុទ្ធនាការយោធារបស់រុស្ស៊ីប្រឆាំងនឹងប្រទេសជិតខាងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា