លោកគ្រូអ្នកគ្រូ ១៣៤នាក់ និងសិស្សត្រៀមប្រលងសញ្ញាបត្រទុតិយភូមិចំនួន ៤៨៤នាក់ ទទួលបានការឧបត្ថម្ភថវិកា ពីក្រុមការងារចុះមូលដ្ឋានស្រុកល្វាឯម
ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកល្វាឯម ជាប្រធានក្រុមការងារទទួលបន្ទុកយុវជនគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯមតំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សត្រៀមប្រឡងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំសិក្សា ២០២២ នៃវិទ្យាល័យទាំង៣ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
លោក កង សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯមបានឲ្យដឹងថា វិទ្យាល័យទាំងបីក្នុងស្រុកល្វាឯម មានសិស្សានុសិស្សត្រៀមប្រលងយកសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សាឆ្នាំ២០២២នេះ មានចំនួន ៤៨៤នាក់ ក្នុងនោះស្រី ២៦៧នាក់។
ឯកឧត្តម ជាប ដាវុធ មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំក្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ និងវិស័យសំខាន់ៗមួយចំនួនទៀត ។
ឯកឧត្តម ជាប ដាវុធ ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ កុំធ្លាក់ចុះក្នុងអបាយមុខ និងជៀសវាងពីគ្រឿងញៀន បង្ករអស្ថេរភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិ ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ។ ទន្ទឹមនឹងនោះ សូមក្មួយៗចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវចេះយោគយល់ និងមានអធ្យាស្រ័យគ្នា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួនឯង និងអ្នកដទៃ ក៏ដូចជារក្សាបាននូវសេចក្តីថ្លៃថ្នូរដល់សង្គមជាតិយើងទាំងមូលផងដែរ។
ឯកឧត្តមគណៈអធិបតី ក៏បាននាំយកថវិកាមួយចំនួនជូនដល់លោកគ្រូអ្នកគ្រូចំនួន ១៣៤នាក់ និងសិក្សានុសិស្សត្រៀមប្រលងសញ្ញាបត្រទុតិយភូមិចំនួន ៤៨៤ នាក់ ក្នុងនោះស្រី ២៦៧នាក់ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល ៕ ដោយ ៖ សុខ ណេត