សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងបញ្ចូលសម្បត្តិបេតិកភណ្ឌរបស់ខ្មែរជាច្រើនទៀត ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពេលបន្តបន្ទាប់
ភ្នំពេញ៖ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនូវ “គុនល្បុក្កតោ” ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវចំពោះស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្ដាញព័ត៌មានទាំងអស់ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់នេះឱ្យបានទូលំទូលាយបំផុត ហើយកម្ពុជានឹងបញ្ចូលទ្រព្យសម្បត្តិបេតិកភណ្ឌរបស់ខ្មែរជាច្រើនទៀតនៅពេលបន្តបន្ទាប់នៅថ្ងៃមុខទៀត។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី “គុនល្បុក្កតោ” របស់កម្ពុជា ត្រូវបានចុះបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូតាមសេចក្ដីសម្រេច 17.COM7.b.1 កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក។
ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ កាលពីយប់ថ្ងៃទី ៣០ ខែវិច្ឆិកាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងទៅកាន់អ្នកចូលរួមរាប់ម៉ឺនថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អរគុណដល់ដូនតាខ្មែរគ្រប់ជំនាន់ ដែលខំបន្សល់ស្នាដៃ ទុកឱ្យយើងក្មេងជំនាន់ក្រោយ។សម្ដេចបន្តថា ៖ «បើដូនតាយើង មិនមានបន្សល់អ្វីទុកឱ្យយើងនោះទេ យើងក៏គ្មានលទ្ធភាពឯណា ដើម្បីយកទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬក៏ដាក់ទាំងរូបី និងអរូបី នោះផងដែរ ហើយជាមួយនឹងមោទកភាពនេះ កម្ពុជានឹងបញ្ចូលទ្រព្យសម្បត្តិបេតិកភណ្ឌដូនតាខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅថ្ងៃមុខ»។
ជាមួយគ្នានេះសម្ដេចតេជោក៏បានថ្លែង អំណរគុណដល់កីឡាករកីឡាការិនី «គុនល្បុក្កតោ»ទាំងអស់ដែលបានខិតខំងើបឈរឡើងប្រមូលដើមទុន ដោយចាប់ផ្តើម ងើបចេញក្រោយការរំដោះនៅឆ្នាំ១៩៧៩ ព្រោះថាអ្វីៗត្រូវបានបំផ្លាញអស់ក្នុងសម័យប៉ុលពត ប៉ុន្តែសិល្បៈខ្មែរ បានប្រមូលដើមទុនមកវិញ គ្រប់ផ្នែកទាំងអស់ សិល្បៈកីឡា និងផ្នែកដទៃទៀត។
សម្ដេចតេជោបានកោតសរសើរចំពោះកីឡាករកីឡាការិនី គ្រូបង្ហាត់ ដែលបានខិតខំព្យាយាម រក្សានូវអត្តសញ្ញាណជាតិមួយនេះ តាមរយៈការរុញជាបណ្តើរៗរហូតដល់យើងយកក្បាច់គុននេះដាក់ចូលជាក្បាច់គុននៃកងយោធពលខេមរភូមិន្ទ។ លោកថា៖ «វត្តមានកីឡាល្បុក្កតោ នៅអង្គរសង្ក្រាន្តជារៀងរាល់ឆ្នាំពេលមុននោះ បានជំរុញល្បឿន នៃការដាក់ក្បាច់គុននេះឱ្យមានការទទួលស្គាល់ពីយូណេស្កូ»។
ក្នុងរយៈកាលចាប់តាំងពីឆ្នាំ ២០០៨ រហូតមកដល់ពេលនេះ ជាងមួយទស្សវត្សកន្លះរួចមកហើយ ដែលកម្ពុជាបានបញ្ចូលជាបន្តបន្ទាប់ ទៅកាន់ជាបេតិកភណ្ឌសម្រាប់មនុស្សជាតិទាំងរូបិយ និងអរូបិយ ខណៈលោកបានថ្លែងនូវការកោតសរសើរចំពោះក្រសួងវប្បធម៌ វិចិត្រ និងសិល្បៈ និងតួអង្គពាក់ព័ន្ធទាំងអស់ដែលបានខិតខំធ្វើកិច្ចការដ៏ល្អសម្រាប់ប្រទេសកម្ពុជា ហើយសង្ឃឹមថា នឹងបញ្ចូលបន្តទៅទៀតនូវទ្រព្យសម្បត្តិដូនតារបស់កម្ពុជា។ នេះជាការបញ្ជាក់បន្ថែមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ៖ «ការចុះបញ្ជីនេះ បានផ្ដល់ទាំងតម្លៃ ទន្ទឹមគ្នានឹងកាតព្វកិច្ចចំពោះកម្ពុជា និងសហគមន៍អន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការ រួមគ្នាក្នុងការថែរក្សា ការពារក្បាច់គុនបុរាណខ្មែរដ៏កម្រមិនអាចកាត់ថ្លៃបានទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជាតិ ជំនាន់ក្រោយតរៀងទៅ»។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណារ៉ា បានប្រាប់កាលពីថ្ងៃទី១ ខែធ្នូ ថា កាលណានិយាយពីសម្បត្តិវប្បធម៌កម្ពុជាដែលត្រូវបានចូលបេតិកភណ្ឌពិភពលោក គឺប្រជាជនកម្ពុជាមានការសប្បាយចិត្ត និងមានមោទកភាពចំពោះអរិយធម៌ខ្មែរដែលបន្សល់ទុកពីដូនតា។ លោកបន្តថា ការចុះបញ្ជីនេះ នឹងញ៉ាំងឱ្យ គុនល្បុកតោ មានការថែទាំ យកចិត្តដាក់បន្តទៀត។
លោក សំបូរ ម៉ាណារ៉ា មានប្រសាសន៍ថា ៖ «ប៉ុន្តែយើងត្រូវគិតទាំងអស់គ្នាពីថ្ងៃនេះទៅ កុំចេះតែគិតថាលុះត្រាចូលបេតិកភណ្ឌពិភពលោក ចាំយើងនាំគ្នាជួយការពារថែទាំ មិនមែនអញ្ចឹងទេ យើងត្រូវខំនាំគ្នាថែរក្សាអ្វីដែលជារបស់ខ្មែរ គុនល្បុកតោ។ អ៊ីចឹងវប្បធម៌មួយរុងរឿងទៅបានលុះត្រាមានការប្រើប្រាស់និងថែរក្សា ស្រាវជ្រាវ»។
លោកបានបន្ថែមថា ៖ «យើងសប្បាយចិត្តនៅពេលចូលបេតិកភណ្ឌ ដើម្បីញាំងឱ្យគុនល្បុកត្តោ មានចងចាំ យើងមិនចង់ប្រឡងប្រណាំង ចង់ឈ្នះចង់ចាញ់ជាមួយនរណាទេ ប៉ុន្តែយើងចេះតែនាំគ្នា និយាយពីសៀម និយាយពីឡាវ តើមានប្រយោជន៍អី បើឈ្លោះគ្នាបែបនេះ បើយើងមិនបានថែរក្សានោះនឹងបាត់បង់»។
ជាមួយគ្នានេះ លោកស្នើឱ្យប្រជាជនកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធរួមគ្នាថែក្សានូវសម្បត្តិបេតិកភណ្ឌពិពលោក និងរួមគ្នាផ្សព្វផ្សាយឱ្យគេដឹងឮគ្រប់គ្នាទាំងក្នុងស្រុក និងទៅកាន់ពិភពលោក ។
ជាមួយនឹងមោទនភាពនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ក៏បានសម្តែងការសាទរ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកតម្លៃគុនល្បុក្កតោ។
តាមយៈគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសរសេរថា ៖ «ស្ថានទូតជប៉ុនយើងខ្ញុំ សូមចូលរួមអបអរសាទរការចុះ គុនល្បុក្កតោ ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូជាមួយប្រជាជនកម្ពុជា។ យើងខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្នុងកិច្ចការអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយគុនល្បុក្កតាក្នុងការចុះបញ្ជីនេះ»។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ថា ការចុះបញ្ជី គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូ គឺជាជោគជ័យនិងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។
ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបង្ហាញច្បាស់ពីការស្រឡាញ់ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រនិងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍ សាលាគុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបន្តថា ៖ «បេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណនិងជាព្រលឹងជាតិដែល បានលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង»។
យោងតាមអង្គការយូណេស្កូប្រចាំកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសដែលមានបេតិកភណ្ឌវប្បធម៌ចម្រុះ និងវិស័យច្នៃប្រឌិតប្រកបដោយថាមពល។ គុនល្បុក្កតោ ក្បាច់គុនបុរាណនៅកម្ពុជា គឺជាធាតុទី៦ ពីប្រទេសកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ រួមជាមួយនឹងរបាំព្រះរាជទ្រព្យកម្ពុជា (២០០៨) ល្ខោនស្រមោលស្បែកធំ (២០០៨) ល្បែងទាញព្រ័ត្រ (២០១៥) ចាប៉ីដងវែង (២០១៦) និងល្ខោនខោលវត្តស្វាយអណ្តែង (២០១៨)៕ ដោយ៖ឡាយ សាមាន